បុគ្គលគ្រប់រូប អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើមនុស្សគ្រប់គ្នាអាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួន រស់នៅធម្មតាតាមបែបគន្លងថ្មី

 

 

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ

 

MC៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបញ្ជាក់ថា បុគ្គលគ្រប់រូបអាច មានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើមនុស្សគ្រប់គ្នាអាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ 

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសថ្លែងថា លោកអ្នកអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា អាចត្រូវបានការពារ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩។ដូចនេះ លោកជំទាវ សូមលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញរួចហើយ។ សុខភាពរបស់លោកអ្នក មានសារសំខាន់ជាងអ្វីៗទាំងអស់ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន គ្រប់គ្នា ដោយចាប់ផ្តើមធ្វើសកម្មភាពចេញពីបុគ្គលម្នាក់ៗ និងរួម សាមគ្គីគ្នាធ្វើ សកម្មភាពឆ្លើយតបពីឥឡូវនេះ។ លោកជំទាវបន្តថាការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាជម្រើសមួយរួមជាមួយជម្រើសដទៃទៀត ក្នុងការអនុវត្តន៍វិធានការបង្ការជំងឺកូវីដ-១៩ ដែលអាចការពារលោកអ្នកបាន ហើយដែលតម្រូវឱ្យបុគ្គល និងប្រជាជន ចាំបាច់មានវិន័យត្រឹមត្រូវ និងការយល់ដឹងចាំបាច់ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។ 

លោកជំទាវបញ្ជាក់ថា ការនៅផ្ទះគឺជាជម្រើសដ៏ល្អមួយ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។

សំឡេង « វិធានការបិទខ្ទប់ គឺជាវិធានការបណ្តោះអាសន្ន ប៉ុណ្ណោះដែលមានពេលកំណត់ មិនមែនជាការចាក់សោជារៀងរហូតដែលមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។ វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន មុននឹងដើរចេញពីវិធានការបិទខ្ទប់ បើមិនដូច្នោះទេ ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀតនឹងអាចកើត ហើយអាចមានគ្រោះថ្នាក់ខ្លាំងជាងពេលនេះទៅទៀត ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញសាជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយើងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ ឬអាចនិយាយបានថា អស់ថ្ម តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា? ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ-១៩ សាជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដើររចេញពីវិធានការបិទខ្ទប់អាចកើតមានក្នុងពេលឆាប់ ឫយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដើម្បីជូនដល់លោកអ្នក មានការប្រុងប្រយ័ត្នលើចំណុច នេះទាំងអស់គ្នា»។ 

លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់ទៀតថា បុគ្គលគ្រប់រូប អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើមនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត ឬជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់អីវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និង រោងចក្រ-សហគ្រាស ជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការ បង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡើងទៅ។ លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់ឱ្យដឹងទៀតថា ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្នការពារដូច បានរៀបរាប់ខាងលើ។ លោកជំទាវវេជ្ជបណ្ឌិត សូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩៕

Comments

Related posts