អាជ្ញាធររាជធានីភ្នំពេញបន្តសហការជាមួយកងទ័ពជើងគោក ដើម្បីដឹកស្បៀងអាហារចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់និងតំបន់ក្រហម

 

 

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ២៥,០៤,២០២១

 

អាជ្ញាធររាជធានីភ្នំពេញបន្តសហការជាមួយកងទ័ពជើងគោក ដើម្បីដឹកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ ។ 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកនៃបញ្ជាការកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ ទទួលបានបទបញ្ជានេះ ឃើញថាអភិបាលខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងល្អប្រសើរជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការនាំស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ IMG_20210425_184400_312

ម្យ៉ាងវិញទៀត កងទ័ពជើងគោក បានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះ ធ្វើឡើងទៅតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឱ្យបញ្ជូនកម្លាំងចំនួន២០៦នាក់ ដោយប្រគល់តួនាទីទៅជូន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាងជាអ្នកដឹកនាំ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿងលើកដាក់ និងដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ។ IMG_20210425_184352_366

សូមបញ្ជាក់ថា ក្នុងថ្ងៃទី២៥ ខែមេសា កងកម្លាំងទាហានជើងគោកនៃបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ បានបញ្ជូនកម្លាំងចំនួន២០៦នាក់ រថយន្តប្រមាណជាង២០០គ្រឿង បន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋ នៅខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញ ដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌបឹងកេងកង និង ខណ្ឌ ដង្កោដោយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះ ខណ្ឌពោធិ៍សែនជ័យ បានចែកជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកងចំនួន ៤៣០គ្រួសារ ខណ្ឌចំការមនចំនួន៤០៤គ្រួសារ និងខណ្ឌដង្កោ ចំនួន១៤៤គ្រួសារផងដែរ ៕IMG_20210425_184343_813

Comments

Related posts