វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ២៥,០៤
អភិបាលខេត្តប៉ៃលិន បាន បញ្ជាឲ្យអាជ្ញាធរក្រោមឱវាទបើកព្រំប្រទល់ខេត្ត ដោយអនុញ្ញាតឲ្យមានការឆ្លងកាត់ខេត្តឡើងវិញ តែត្រូវអនុវត្តយន្តការគ្រប់គ្រង នៅមូលដ្ឋានសម្រាប់អ្នកចំណូលថ្មី ដើម្បីការពារ និងទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែមេសានេះ បាន បញ្ជាឲ្យអាជ្ញាធរក្រោមឱវាទបើកព្រំប្រទល់ខេត្ត ដោយអនុញ្ញាតឲ្យមានការឆ្លងកាត់ឡើងវិញ ហើយស្នើដល់អាជ្ញាធរក្រោមឱវាទទាំងអស់ ត្រូវអនុវត្តតាមសេចក្តីសម្រេចថ្មីនេះឲ្យបានហ្មត់ចត់បំផុត ។
សំឡេង ៖ «សូមជម្រាបជូនដល់បងប្អូនកងកម្លាំងទាំងអស់ដែល កំពុងឈរជើងទាំង៩គោលដៅ ខ្ញុំសូមដាក់បទបញ្ជាឲ្យដកគោលដៅទាំងអស់ថយក្រោយវិញ បញ្ចប់ការត្រួតពិនិត្យការឆ្លងខេត្ត ហើយក៏សូមងាកមកអនុវត្តគ្រប់គ្រងការងារនៅតាមមូលដ្ឋានវិញ បានន័យថា យើងយកយន្តការគ្រប់គ្រងនៅមូលដ្ឋាន ដើម្បីគ្រប់គ្រងអ្នកចំណូលថ្មី និងការពារទប់ស្កាត់មេរោគកូវីដ១៩ ដូច្នេះយើងត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល » ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តី សម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ។ សេចក្តីសម្រេចនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះ មានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម ៕
Comments