សម្តេចពញាចក្រីហេង សំរិន បញ្ជាក់ថា បុណ្យវិសាខបូជា ជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា 

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

ភ្នំពេញ៖ សម្តេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភាបានបញ្ជាក់ថាពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យមួយដ៏មានសារសំខាន់សម្រាប់ព្រះពុទ្ធសាសនាមិនថាតែនៅកម្ពុជានោះទេ។

   យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចពញាចក្រីហេងសំរិន បានលើកឡើងថា ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ជាពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅព្រះរាជាណាចក្រកម្ពុជានោះទេ។ 

សម្តេចបន្តថា ថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ប្រារព្ធពិធីបុណ្យ នេះឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ដែល ព្រះអង្គបានប្រសូត ត្រាស់ដឹង និងចូលនិព្វានចំថ្ងៃ១៥កើតពេញបូណ៌មីក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ សម្តេចក៏បានគូសបញ្ជាក់ថា”អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។ ដោយ សារជំងឺកូវីដ-១៩ បានរាតត្បាតរយៈពេលពីរឆ្នាំជាប់ៗគ្នានេះ រាជរដ្ឋាភិបាល មិនអាចរៀបចំពិធីបុណ្យដ៏មានសារសំខាន់នេះឲ្យបានអធិកអធមដូចពេលមុនៗឡើយ ដើម្បីការពារសុវត្ថិភាពកុំឱ្យឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរសម្តេចប្រធានរដ្ឋសភាក៏ សូមជនរួមជាតិបង្កើនការអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចខ្លួននិងធ្វេសប្រហែសឡើយ ពីព្រោះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលគំរាមកំហែងយ៉ាងខ្លាំងក្លានៅឡើយពីសត្រូវដែលគ្មានស្រមោលនោះ។ សូមបងប្អូនជនរួមជាតិបន្តអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល ជាពិសេស “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា។ សម្តេចបាន សម្តែងនូវការកោតសរសើរដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការទប់ស្កាត់កុំឱ្យសង្គមជាតិយើងមានការឆ្លងរាល ដាលកាន់តែធ្ងន់ធ្ងរឡើង។ យើងអត់ធ្មត់ តស៊ូលំបាកទាំងអស់គ្នា នៅក្នុងរយៈពេលខ្លីដើម្បីសេចក្តីសុខរបស់យើងជារៀងរហូត ដោយនៅក្នុងពេលឆាប់ៗនេះ យើងនឹងវិលទៅរកសកម្មភាពជាធម្មតាឡើងវិញ។ 

សម្តេចពញាចក្រីក៏បានថ្លែងអំណរគុណនិងការកោតសរសើរជាទីបំផុត ដល់កិច្ចខិតខំប្រឹងប្រែងគ្មានពេលសម្រាករបស់ ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់វិស័យទាំងកិច្ចការពារថែទាំ ព្យាបាលសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងសកម្មភាពមនុស្សធម៌សព្វបែបយ៉ាង ដូចជាការផ្តល់ស្បៀងអាហារ ដល់ពលរដ្ឋក្នុងគ្រាលំបាកនេះ ប្រកបដោយស្មារតីជាតិប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរៀងៗខ្លួន។ សម្តេចលើកឡើងថា នៅក្នុងឱកាសដ៏នក្ខត្តឬក្សថ្ងៃបុណ្យវិសាខបូជានេះ សូមឱ្យប្រជាជាតិយើងបានរួចផុតពីជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

Comments

Related posts