ប្រធានគ.វ.ក-១៩ ណែនាំក្រុមការងារចាក់វ៉ាក់សាំងកូវីដ ត្រូវគោរពឲ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកមកចាក់វ៉ាក់សាំង

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ ធីណា ឌីណេ

 

MC៖ ប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់ សូមគោរពឲ្យបានតាមស្តង់ដារ ប្រតិបត្តិ និងបច្ចេកទេសនៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តការពារការចម្លងវីរុសកូវីដ១៩ ឲ្យបានហ្មត់ចត់ ដើម្បីធានាបាននូវ សុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកដែលបានមកចាក់វ៉ាក់សាំង។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់ សូមគោរពឲ្យបានតាមស្តង់ដារប្រតិបត្តិ និងបច្ចេកទេសនៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តការពារការចម្លងវីរុសកូវីដ១៩ឲ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកដែលបានមកចាក់វ៉ាក់សាំង។ ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ដល់ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យក្រសួងការពារជាតិ, ក្រុមគ្រូពេទ្យកម្ពុជាទូទាំងប្រទេស, ថ្នាក់ដឹកនាំ បុគ្គលិក គ.វ.ក.១៩ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (ធីតា), ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច សាយ ឈុំ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ទៀ បាញ់, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯក ឧត្តម ហ៊ុន ម៉ានី និង ស.ស.យ.ក ទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យផ្សេងៗទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាកម្មចាក់វ៉ាក់សាំងកូវីដ-១៩ បាន យ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក រហូតរុញច្រានកម្ពុជាឡើងដល់លំដាប់លេខ២ នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសសឹង្ហបូរី។ លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺខ្មែរអាចធ្វើបាននូវអ្វីៗ ដើម្បីជាប្រយោជន៍ជាតិ និងជាប្រយោជន៍ដ៏ពិតប្រាកដ ជាក់ស្តែង គឺការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះតែម្តង ដែលក្នុងមួយរយៈពេលខ្លី យើងអាចសម្រេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតដល់ជាង ១លាននាក់ទៅហើយ ហើយយើងនឹងខិតខំបន្តទៀតជំរុញឲ្យប្រជាជនប្រមាណ ១០លាននាក់ ត្រូវបានទទួលវ៉ាក់សាំងកូវីដ-១៩ ស្របទៅតាមផែនការមេសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩»។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បញ្ជាក់ឲ្យដឹងទៀតថា ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និងខណ្ឌកំបូល ក្រសួងសុខាភិបាល ក៏ដូចជា គ.រ.ក ១៩ បានផ្តល់នូវសម្ភារ បរិក្ខារពេទ្យមួយចំនួនដល់ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ រួមមាន៖ ទី១៖ របាំងមុខ ចំនួន៧០០០, ទី២៖ វែនតាការពារ ចំនួន៧០០០, ទី៣៖ អាវបំពង់លេខ២ ចំនួន៥០០០, ទី៤៖ មួក ចំនួន៧០០០, ទី៥៖ ស្បែកជើង ចំនួន២០០០, ទី៦៖ អាវបំពងលេខ៣ ចំនួន២០០០, ទី៧៖ ស្រោមដៃ ចំនួន១,៤០០០, ទី៨៖ ម៉ាស់ ចំនួន ៥០០,០០០, ទី៩៖ ម៉ាស់ N95 ចំនួន៧០០០ និងទី១០៖ អាវអៀមខាងក្រៅ ចំនួន៥០០០៕

Comments

Related posts