រដ្ឋបាលរាជធានីភ្នំពេញបាន បញ្ចេញស្បៀងជិត១៣ម៉ឺនឯកតា ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់

 

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល ៣០,០៨,២០២១

 

MC៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃ៣០ ខែមេសានេះ ក្រុមការងារសាលារាជធានីភ្នំពេញបានបញ្ចេញស្បៀងសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ បានចំនួនជិត១៣ម៉ឺនឯកតារួចមកហើយ ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ។ 

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម...

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែកើតមានឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យតំបន់មួយចំនួននៅតែបន្តការបិទខ្ទប់នៅឡើយហើយធ្វើឲ្យប្រជាពលរដ្ឋមិនអាចមានការធ្វើដំណើរផ្ដេសផ្ដាស និងតំបន់ខ្លះទៀតគឺមិនអាចចេញពីផ្ទះបានតែម្តង។ 

លោកបានបន្តថាជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារ ជូនទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក៏ដូចជាតំបន់ក្រហមដែលពួកគាត់កំពុងតែជួបនូវការលំបាកនិងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញស្បៀងសម្រាប់បរិភោគ។

លោកបន្តថាស្បៀងដែលផ្តល់ជួននោះគឺសុទ្ធតែជាគ្រឿង ឧបភោគបរិភោគដែលអាច រក្សាបានយូរ ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់ក្នុងស្ថានភាពដ៏លំបាកនេះ។

សំឡេង៖“ជារៀងរាល់ថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនស្បៀងអាហារទៅគ្រប់មូលដ្ឋានជាពិសេសទៅគ្រប់គោលដៅឬ ក៏ភូមិសង្កាត់ដែលមានហានិភ័យខ្ពស់ ដែលកំពុងតែប្រឈមជាមួយនឹងការដាច់ស្បៀង ចំណុចនេះក៏សូមគូស បញ្ជាក់ជាតួលេខខ្លះៗ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានជ្រាបថា មកដល់ពេលនេះ យើងបានបញ្ជូនស្បៀងប្រមាណជាង១២ម៉ឺន ជិត១៣ម៉ឺនឯកតារួចទៅហើយ ជូនទៅដល់មូលដ្ឋានទាំងសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ជាង១២ម៉ឺនជិត១៣ម៉ឺនឯកតានេះ មានន័យថាក្នុង១ឯកតា គឺយើងប្រគល់ជូនទៅដល់ ក្រុមគ្រួសារនៅក្នុងខ្នងផ្ទះរបស់យើងហ្នឹង ដែលមានជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវផ្សេងៗនេះជាស្បៀងអាហារសង្គ្រោះបឋមដែលបងប្អូនប្រជាពលរដ្ឋយើងអាចប្រើប្រាស់ហើយអាចទុកដាក់បានយូរក្នុងការប្រើប្រាស់បណ្តោះអាសន្នក្នុងដំណាក់កាលដែលយើងធ្វើការបិទខ្ទប់ទាំងបិទខ្ទប់ក្នុងរាជធានីភ្នំពេញរបស់យើងទាំងមូល ទាំងបិទខ្ទប់នៅក្នុងតំបន់ដែលពិសេសៗដូចជាតំបន់ក្រហមនេះជាដើម”។

លោកបានបន្តថាចំពោះស្បៀងអាហារជិត១៣ម៉ឺនឯកតានេះ បានប្រគល់ជូនទៅតាមមូលដ្ឋានរួចទៅហើយ ហើយក៏នៅតែបន្តដឹកជញ្ជូនជូនដល់ប្រជាពលរដ្ឋរបស់យើងដែលមានការខ្វះខាត ដែលក្នុងនោះមានការចូលរួមគាំទ្រពីកងទ័ព ក៏ដូចជាបញ្ជាការអង្គរក្សជាដើមដែលនេះជាស្មារតីចូលរួមជួយគ្នាក្នុងគ្រា ដែលប្រទេសរបស់យើងកំពុងតែជួបនូវការរាតត្បាតនៃជំងឺកូវីដ- ១៩។ 

លោកក៏បានបញ្ជាក់ដែរថា ចំពោះខ័ណ្ឌមានជ័យទទួលបានស្បៀងចំនួន ៣៥០០០ឯកតា និងខ័ណ្ឌពោធិ៍សែនជ័យ ក៏ទទួលបានចំនួនជិត៣០០០ឯកតាផងដែរ តែដោយឡែកនៅតំបន់ផ្សេងទៀត ក៏អាចនឹងទទួលបានដូចគ្នាផងដែរ គឺរដ្ឋបាលរាជធានីភ្នំពេញមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចលេខ៥៤សសរ បន្តសុពលភាពនៃការបិទខ្ទប់ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេលមួយសប្តាហ៍បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី២៩ខែមេសាដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងផងដែរ៕

Comments

Related posts