អ្នកសារព័ត៌មានមិនអាចចេញចូលតំបន់ក្រហមស្រេចតែចិត្តបាននោះទេ

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣០ មេសា ២០២១

 

MC៖ ក្រសួងព័ត៌មានបានបញ្ជាក់សាជាថ្មីថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មិនអាចចេញចូលតំបន់ក្រហមដែលជាតំបន់ហាមឃាត់បានទេបើទោះបីជាមានលិខិតធ្វើដំណើរចេញដោយក្រសួងព័ត៌មានក៏ដោយ។

ក្រសួងព័ត៌មានប្រកាសថា អ្នកសារព័ត៌មានដែលមានលិខិតអនុញ្ញាតធ្វើដំណើរចេញពីក្រសួងព័ត៌មានក៏ដោយបើមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចនឹងត្រូវទទួលទោសតាម ច្បាប់។

យោងតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្ដីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល បានឱ្យដឹងថា យោងសេចក្តីសម្រេចលេខ៥៤សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងព័ត៌មានបានបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរជូនអ្នកសារព័ត៌មានជាតិនិងបរទេសដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញការងារនៅក្នុងអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ទន្ទឹមនេះក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារលិខិតអនុញ្ញាតរបស់ក្រសួងព័ត៌មាន និងវិធានបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានការបែងចែកជា “តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង”។ប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវតាមវិធាន ការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៅ ឡើយ។ ដូច្នេះក្រសួងព័ត៌មានសូមធ្វើការណែនាំដូចខាងក្រោម៖ ១. *តំបន់ក្រហម ៖ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់

បច្ចុប្បន្នរបស់ខ្លួនឡើយរួមទាំងអ្នកសារព័ត៌មានផងដែរលើកលែងតែអង្គភាពសារព័ត៌មាននោះជា ក្រុមការងារ របស់អង្គភាពអនុវត្តវិធានការបិទខ្ទប់របស់ក្រសួងព័ត៌មាននិងអង្គភាពដែលមានលិខិតបង្គាប់ការរបស់ក្រសួងព័ត៌មានទើបអាចធ្វើដំណើរក្នុងតំបន់ក្រហមបាន។

២. "តំបន់លឿងទុំ ៖ ការធ្វើដំណើររបស់អ្នកសារព័ត៌មានដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពី អត្តសញ្ញាណនិងការងារព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាននិងត្រូវកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវធ្វើដំណើរមកត្រឹមកម្រិតអប្បបរមា។ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

៣. "តំបន់លឿង ៖ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងព័ត៌មានបានបញ្ជាក់ថាអាស្រ័យដូចបានជម្រាបជូនខាងលើសូមអង្គភាពស្ថាប័នអ្នកសារព័ត៌មានទាំងអស់យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារការណែនាំខាងលើដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលឆាប់ៗខាងមុខនេះ។លើសពីនេះក្រសួងព័ត៌មានបញ្ជាក់ទៀតថា ករណីបុគ្គលដែលបំពានបទប្បញ្ញត្តិច្បាប់ វិធាន និងនីតិវិធីខាងលើ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន៕

Comments

Related posts