ក្រសួងយុត្ថិធម៌ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតំបន់លឿងនិងលឿងទុំកុំមានការធ្វេសប្រហែសឲ្យសោះ

 

 

វិទ្យុជាតិកម្ពុជា អ៊ី កនិកា 

 

ភ្នំពេញ៖ក្រសួងយុត្ថិធម៌ក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតំបន់លឿងនិងលឿងទុំកុំឲ្យមានការធ្វេសប្រហែសឲ្យសោះត្រូវបន្តចូលរួមទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នាកុំឲ្យមានការឆ្លង ប្រយ័ត្នប្រែក្លាយទៅជាតំបន់ក្រហម ។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្ថិធម៌ បានមានប្រសាន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានទទូចម្តងហើយម្តងទៀត ត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះនិងត្រូវពាក់ម៉ាស់លាងដៃជាមួយសាប៊ូ ជែលឲ្យបានញឹកញាប់និងធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ។បន្ថែមពីនេះទៀត មិនត្រូវចាប់ដៃគ្នាកុំចូលទៅតំបន់មនុស្សច្រើនដែលជាតំបន់មានម៉ាស៊ីនត្រជាក់ដែលវាអាចបង្កឲ្យមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ។ 

ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋនៅមូលដ្ឋានតំបន់លឿងនិងលឿងទុំ បើមិនមានកិច្ចការណាចាំបាច់សូមកុំចេញក្រៅផ្ទះនិងស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។សូមអំពាវនាវប្រជាពលរដ្ឋបន្តរក្សាអនាម័យក្នុងការរស់នៅតាមបែបគន្លងថ្មី ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព។

សំឡេង៖«បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅ តំបន់លឿង និងតំបន់លឿងទុំ សូមជម្រាបជូនថា ទោះបីជាតំបន់លឿងទុំនិងតំបន់លឿងមិនទាន់មានហានិភ័យខ្ពស់ ដូចតំបន់ក្រហមក៏ដោយ ក៏ប៉ុន្តែហានិភ័យនេះកើតឡើងតែមួយប៉ប្រិចភ្នែកទេ ។ប្រសិនបើបងប្អូនមិនយកចិត្តទុកដាក់ ឬមួយក៏ធ្វេសប្រហែស ជាមួយនឹងវិធានការ អនាម័យ ក៏ដូចជាវិធានការរបស់រដ្ឋបាលរាជធានី ដែលដាក់ចេញ ពាក់ព័ន្ធនឹងការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ តំបន់នេះអាចប្រែព័ណ៍ទៅតំបន់ក្រហម មួយប៉ប្រិចភ្នែក ។កាលពីយប់មិញសាលារដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់ ពណ៌បន្ថែម នៅក្នុងខណ្ឌទួលគោក ក្នុងការប្រែពណ៌ពីលឿងទុំទៅក្រហម ។ ចំណុចនេះហើយសុំបងប្អូនកុំភ្លេចខ្លួនឲ្យសោះតំបន់លឿងទុំ ជាពិសេសបងប្អូននៅតំបន់លឿងតែម្តង »។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ខែមេសា បានចេញសេចក្តីសម្រេច ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង រយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។ បន្ថែមពីនោះទៀត ភូមិសាស្រ្តដែលត្រូវបិទខ្ទប់ត្រូវបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ។តំបន់ក្រហមសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ តំបន់លឿង សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕

Comments

Related posts