ឯកឧត្ដម​​ ឃួង​ ស្រេង​ ចុះពិនិត្យសកម្មភាពតាមទីតាំងដែលកងទ័ព​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

 

 

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

 

​ រាជធានី​ភ្នំពេញ៖ ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩​ ឯកឧត្ដម​ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និង​ឯកឧត្តម​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ។

   ឯកឧត្តម​ ឃួង ស្រេងនិងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។

ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នានានៃ៤ខណ្ឌនេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តលើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

  ឯកឧត្តម​ ឃួង ស្រេង បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនៃការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពពីការវាយប្រហារដោយមេរោគកូវីដ-១៩ ។ 

   តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុង

ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ខាងលើ ស្មើនឹង៣៣ សង្កាត់។ IMG_20210501_131314_205

    ឯកឧត្តម​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិតដែលត្រូវទទួលវ៉ាក់សាំង សរុបប្រមាណ ៨០៥,០៣៣ នាក់ តែមានប្រជាពលរដ្ឋប្រមាណ ២៩ ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងរួច ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាក់បានចាក់វ៉ាក់សាំងដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ៤៧១,៥៧៣នាក់៕IMG_20210501_131310_178

Comments

Related posts