សហព័ន្ធស្រូវអង្ករកម្ពុជានឹងបន្តបញ្ចុះតម្លៃអង្ករជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ

 

 

វិទ្យុជាតិកម្ពុជា:ហាន់ស្រីណា 

 

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជានឹងបន្តបញ្ចុះតម្លៃអង្ករជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅដើម្បីធានាបានស្ថិរភាពតម្លៃនិងអាចសម្រួលជីវភាពរបស់ប្រជាពលរដ្ឋបានមួយកម្រិត។

លោកសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងរងនូវវិបត្តិកូវីដ១៩ សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជាមួយក្រសួងពាណិជ្ជកម្មក្នុងការបញ្ចេញអង្ករទៅកាន់តំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅឲ្យបានគ្រប់គ្រាន់និងមានតម្លៃទាបជាងទីផ្សារដោយក្នុង១បាវបញ្ចុះតម្លៃពី១ម៉ឺនទៅ ២ម៉ឺនរៀលក្នុងតម្លៃគោលធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជារដ្ឋឲ្យបានប្រសើរក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោកបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការស្វែងរកអង្ករក្នុងតំលៃទាបជាងទីផ្សារនោះសហព័ន្ធស្រូវអង្ករកម្ពុជាក៏មានជាសមាជិកជាង១៣ក្រុមហ៊ុន ហើយមានដេប៉ូជិត៤០ទីតាំងធ្វើការចែកចាយទៅដល់បងប្អូនដែលមានមូលដ្ឋានជិតទីនោះមួយផ្នែកទៀតក្រសួងពាណិជ្ជកម្មជាអ្នកនាំអង្ករទៅកាន់តំបន់បិទខ្ទប់នោះតែម្តង។ជាងនេះទៀតក៏មានសប្បុរសជនខ្មែរមួយចំនួនមានការបញ្ជាទិញអង្ករទំហំធំចាប់ពី ១០ តោនដល់ទៅ ១៥តោនយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមផងដែរ។

សំឡេង: ដោយឡែកតំបន់ក្រហមសហព័ន្ធស្រូវអង្ករក៏បានសហការជាមួយក្រសួងពាណិជ្ជកម្មគឺលោកបានចែកចាយដោយផ្ទាល់នៅតំបន់នោះ។ហើយយើងនឹងបន្តក៏ដូចជារក្សាបាននូវតម្លៃទាបជាងទីផ្សារនេះរហូតឈានទៅរកការកាត់ផ្តាច់នៃជំងឺកូវីដ១៩ ជោគជ័យទាំងស្រុង។IMG_20210501_131740_950

លោកបញ្ជាក់ផងដែរថា រយៈពេល២សប្តាណ៏កន្លងទៅនៃការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្ដាលនោះសហព័ន្ធស្រូវអង្ករបានបញ្ចេញអង្ករចំនួន៣៥០០តោនដែលធានាបានទាំងតម្លៃនិងបរិមាណ។

លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូម កុំបារម្ភរឿងបញ្ហាសន្តិសុខស្បៀងអង្ករព្រោះកម្ពុជាអាចផលិតស្រូវបានរហូតជាង ៤លានតោនក្នុងមួយឆ្នាំដោយធានាបានការផ្គត់ផ្គង់ទាំងនៅក្នុងស្រុកនិងការនាំចេញទោះស្ថិតក្នុងបរិបទកូវីដ១៩ក៏ដោយ៕IMG_20210501_131738_785

Comments

Related posts