ក្រសួង​ការ​បរទេស​ ជូនដំណឹងស្តីពី​ ការប្រកួតប្រជែងរចនានិមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ២០២២

 

 

វិទ្យុ​ជាតិ​កម្ពុជា​៖​ លោក​ អាត​ ចន្ធូ​ 

 

ភ្នំពេញ៖​ ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានជូនដំណឹងស្តីពី​ ការប្រកួតប្រជែងរចនានិមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ២០២២​ ដេីម្បី​ប្រើប្រាស់លើរាល់ឯកសារ និង ក្នុងព្រឹត្តិការណ៍ នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាន។

 

យោងតាម​សេចក្ដី​ជូនដំណឹង​ របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១​ ឧសភា​ ឆ្នាំ​២០២១​នេះ​បាន​ឲ្យដឹងថា​ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសអញ្ជើញបេក្ខជនកម្ពុជាចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញា(Logo)អាស៊ាន ឆ្នាំ២០២២។ និមិត្តសញ្ញាដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និង ក្នុងព្រឹត្តិការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។

 

ការរចនានិមិត្តសញ្ញានេះត្រូវផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមានជូន ភ្ជាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏សូមផ្តល់ជូននូវគំរូនិមិត្តសញ្ញាប្រធាន អាស៊ានមុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា ដូចមានភ្ជាប់មកជាមួយ គ្នានេះដែរ។

 

ប្រភព​ដដែល​បន្ដថា​ ​បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវផ្ញើនិមិត្តសញ្ញា ដោយពន្យល់ពីអត្ថន័យ នៃនិមិត្តសញ្ញា (Logo)មកអ៊ី៨មែល aseanlogo2022@gmail.com ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ ដើម្បីគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ធ្វើការវាយតម្លៃ។

 

សូម​បញ្ជាក់​ថា​ បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន) ហើយបេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុង១រូប ចំនួន ១.០០០.០០០រៀល (មួយលាន)៕

Comments

Related posts