វិទ្យុជាតិកម្ពុជា៖ ដោយ ធីណា ឌីណេ
កណ្តាល៖ អភិបាលខេត្តកណ្តាល សម្រេចបិទខ្ទប់ភូមិចំនួន ៨ បន្ថែមទៀត ដោយបានកំណត់ជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ក្នុងស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី១៩ ។
កាលពីយប់ថ្ងៃទី ៣០ ខែ មេសា ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសម្រេចបិទខ្ទប់ភូមិចំនួន ៨ បន្ថែមទៀតកំណត់ជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ក្នុងនោះ តំបន់ក្រហមមាន៖ ភូមិស្វាយជ្រុំ, ភូមិពងទឹក, ភូមិអណ្តូង, និងភូមិត្នោតម្តើម នៃឃុំបែកចាន ស្រុកអង្គស្នួល។ ចំណែកតំបន់លឿងទុំមាន៖ ភូមិចក, ភូមិព្រៃបឹង, និងភូមិកម្ពោតស្បូវនៃឃុំបែកចាន ស្រុកអង្គស្នួល ហើយតំបន់លឿងមាន៖ ភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។
ឯកឧត្តមបានបន្តថា« វិធាន ការដែលត្រូវអនុវត្តន៍ចំពោះភូមិសាស្ត្របិទខ្ទប់ត្រូវចាប់ ផ្តើមអនុវត្តន៍សម្រាប់រយៈពេល ១៤ ថ្ងៃ ដែលគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី ០១ ខែឧសភា រហូតដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១»។
ឯកឧត្តមបញ្ជាក់ថា ក្នុង អំឡុងពេលនៃការអនុវត្តការបិទខ្ទប់វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជា តំបន់ក្រហម គឺ បុគ្គលគ្រប់រូបត្រូវបានហាមធ្វើដំណើរចេញពីលំនៅឋាន និងសកម្មភាពកីឡា ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬ ការធ្វើដំណើរចេញចូល «តំបន់ក្រហម» អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ និងមានការអនុញ្ញាតពីអាជ្ញាធរ ។ ដូចគ្នានេះដែរ ការចេញចូលក្នុងតំបន់លឿងទុំក៏ត្រូវហាមឃាត់ផងដែរ លើក លែងករណីចាំបាច់ដែលអនុញ្ញាតដោយអាជ្ញាធរ។
ចំណែកក្នុងភូមិសាស្ត្រតំបន់ពណ៌លឿង ការធ្វើដំណើរ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្ម ភាពនៃការជួបជុំ ឬប្រមូលផ្តុំមនុស្សត្រូវបានអនុញ្ញាតមិនឱ្យលើសពី ១០ នាក់ទេ លើក លែងតែសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានជាមួយ គ្នា។ ឯបម្រាមគោចរនៅតំបន់លឿងត្រូវផ្អាកជាបណ្តោះអា សន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុង ពេលនៃការអនុវត្តការបិទខ្ទប់ បុគ្គល ឬ នីតិបុគ្គលណា ដែលបំពានវិធានការហាម ឃាត់ការធ្វើដំណើរ ការធ្វើសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងវិធានការហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងភូមិ សាស្ត្រតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាម បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕
Comments