រដ្ឋលេខាធិការក្រសួងការងារណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅខណ្ឌទាំង៤នៃតំបន់ក្រហម កុំទៅប្រជ្រៀតដណ្តើមវ៉ាក់សាំង

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងការងារណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅខណ្ឌទាំង៤នៃតំបន់ក្រហម កុំទៅប្រជ្រៀតដណ្តើមវ៉ាក់សាំង ខណៈដែលរាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ក្រហមនេះ ។

 

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី០១ ខែ ឧសភា នេះថា ជាការពិត យើងបានជូនដំណឹងរួចរាល់អស់ហើយ សាលារាជធានីភ្នំពេញក៏បានជូនដំណឹង ហើយ អាជ្ញាធរខណ្ឌសង្កាត់ភូមិ ក៏បានចាប់ផ្តើមធ្វើហើយ គឺថាយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌមាន ជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ដែលជាតំបន់ក្រហមទាំង ៤ នេះ គឺចាប់ផ្តើមពីថ្ងៃទី ១ នេះ ហើយ ។ ឯកឧត្តមបន្តថា នីតិវិធីនៃការទៅចាក់គឺ ទាល់ តែមានលិខិតអញ្ជើញពីភូមិ ឬក៏បានលេខរៀងពីភូមិ សង្កាត់ បានយើងអាចទៅចាក់បាន ដូច្នេះសុំបងប្អូនដែលអត់ទាន់មានលេខរៀង អត់ទាន់ទទួលលិខិតអញ្ជើញពីភូមិ ឬ សង្កាត់ទេ សុំកុំអាលនាំគ្នាទៅកន្លែងចាក់វ៉ាក់សាំង ពីព្រោះគោលដៅមួយៗ គឺយើងអាចចាក់បាន ឧទាហរណ៍ថា មួយគោលដៅ ២០០០ នាក់ អ៊ីចឹងពេលព្រឹក ១០០០ ពេលល្ងាច ១០០០ ដល់ពេលបងប្អូននាំគ្នាទៅទាំងអស់គ្នាដោយគ្មានលេខ រៀងអ៊ីចឹងវាធ្វើឱ្យចាល់គ្នានៅកន្លែងចាក់វ៉ាក់សាំង។ 

សំឡេង៖ « ការចាក់វ៉ាក់សាំងនេះគឺយើងចាក់នៅក្នុងសង្កាត់ហ្នឹង ភូមិហ្នឹងទាល់តែអស់ បានយើង ឬ បិទបញ្ចប់ទីតាំងហ្នឹង។ អ៊ីចឹងសុំ បងប្អូនកុំមានការបារម្ភ ពីរឿងថាអត់បានទៅចាក់ ពីព្រោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានប្រគល់ជូនទៅក្រុមការងារចាក់វ៉ាក់សាំងនេះ ដល់ទៅ ចំនួន៩០ មុឺនដូស ហើយបើយោងតាមស្ថិតិប្រជាពលរដ្ឋ បូកទាំងបងប្អូនកម្មករនិយោជិក ទាំងអ្នកនៅផ្ទះជួល តួលេខនេះគឺគ្រប់គ្រាន់សម្រាប់បងប្អូននៅខណ្ឌទាំង ៤ ហើយនៅពាក់កណ្តាលខែ ៥ នេះ វ៉ាក់សាំងនេះក៏មកបន្ថែមទៀតដែរ ចឹងសុំកុំបារម្ភពីរឿងអត់វ៉ាក់សាំង ឬអត់បានចាក់ យុទ្ធនាការនេះគឺចាក់ជូនមនុស្សទាំងអស់នៅក្នុងខណ្ឌទាំង ៤ អ៊ីចឹងសុំឱ្យបងប្អូននឹងនរ ហើយសុំអោយបងប្អូនទៅចាក់វ៉ាក់សាំង ដោយមានរបៀបរបរយហើយទៅតាមការកំណត់របស់ភូមិ របស់សង្កាត់ របស់ខណ្ឌ មានន័យថាទាល់តែមានលិខិតអញ្ជើញ ឬមានលេខរៀងទើបបងប្អូនអាចទៅចាក់ដូសទី 1 នៅទីតាំងដែល ពេទ្យយោធារបស់យើង កំពុងតែឈរជើងនៅក្បែរផ្ទះរបស់បងប្អូន »។

 

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕

Comments

Related posts