ប្រធានគ.វ.ក-១៩ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលនឹងទទួលបានវ៉ាក់សាំង សូមរក្សាសណ្តាប់ធ្នាប់ និងចៀសវាងបង្កភាពកកកុញ ដែលអាចចម្លងកូវីដ១៩

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ ធីណា ឌីណេ

ភ្នំពេញ៖ ប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីការពារសុវត្ថិភាព ទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។

ក្នុងពេលដែលក្រសួងការពារជាតិ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ តទៅ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ គឺប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងហើយដែលរស់នៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ។

 សូមប្រជាពលរដ្ឋនៅតាមខណ្ឌ ទាំង៤ខាងលើ មេត្តារក្សាសណ្តាប់ធ្នាប់ល្អ មានវិន័យ ត្រឹមត្រូវ រក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ម៉ែត្រឡើង) ជាចាំបាច់មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ។ លោកជំទាវបានឱ្យដឹងទៀតថា វ៉ាក់សាំងស៊ីណូរ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ត្រូវបាន ប្រគល់ជូនទៅ អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គ.វ.ក-១៩ រួចហើយដែរ។

 

អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើងបានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្ស ដែលអាចជា ការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។

លោកជំទាវបញ្ជាក់ថា «ប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួនទេនោះ មិនត្រូវមកប្រជ្រៀតគ្នាទ សូមមេត្តារង់ចាំដល់ថ្ងៃកំណត់ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេលវេលា នៅទីកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ហើយនិង ត្រូវចងចាំថា “យើងមកទទួល យកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយកវីរុសកូវីដ-១៩ មុន ពេលបានចាក់ វ៉ាក់សាំងនោះឡើយ”»។ លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីការពារការឆ្លងនៃជំងឺកូវីដ-១៩ កាត់បន្ថយបាននូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩ នៅក្នុងសរីរាង្គកាយរបស់យើង ហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងដែលប្រជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំង នេះដែរ។ សុខភាពរបស់បងប្អូន គឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួន ដោយមិនមាន អ្នកណាអាចជួយធ្វើជំនួសបានឡើយ ។ការឆ្លងជំងឺកូវីដ-១៩ ឬមិនឆ្លង អាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩។ លោកជំទាវបញ្ជាក់បន្ថែមទៀតថា កុំភ្លេចថា បុគ្គល គឺជាអ្នក ការពារសុខភាពដ៏ចំណានម្នាក់ សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខ ភាពបុគ្គលផ្ទាល់ខ្លួនឯង រីឯ គ្រូពេទ្យ គឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់ នៅពេលដែល បុគ្គល នោះ មានជំងឺ ឬកំពុងតែឈឺហើយតែប៉ុណ្ណោះ ជួនកាលជួយបានរួចផុតពីសេចក្តីស្លាប់ ជួនកាលជួយមិនបាន ក៏មានការ ស្លាប់បាត់បង់ជីវិត។ វីរុសកូវីដ-១៩ នេះ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវ ឱ្យបុគ្គលម្នាក់ៗ ត្រូវចេះរស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ។ តាមរយៈ សារអំពាវនាវ លោកជំទាវវេជ្ជបណ្ឌិត បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ នូវសុខភាពល្អ សំណាងល្អទាំងអស់គ្នា ដែលបាន មកពីការអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងដោយសុវត្តិភាព និងមានវេនចាក់ត្រឹមត្រូវ + នៅផ្ទះ (ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះ មិនត្រូវចេញដើរក្រៅផ្ទះឡើយ) និងបានចៀសផុតពីការគំរាមកំហែងសុខភាព សាធារណៈនៃជំងឺកូដ-១៩ នេះ គ្រប់ៗគ្នា៕

Comments

Related posts