វិទ្យុជាតិកម្ពុជា
ស្ទឺងត្រែង ៖ ក្រុមហ៊ុនក្រេនស៊ីស្ទឹងត្រែងបានណែនាំដល់កម្មករដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុននេះ ត្រូវតែអនុវត្តវិធានការសុខាភិបាលដើម្បីរក្សាស្ថេរភាពការងាររបស់ខ្លួន ក្នុងពេលដែលក្រុមហ៊ុនកំពុងរៀបចំប្រមូលផលផ្លែស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេស។
ក្នុងសកម្មភាពវេចខ្ចប់ផ្លែ ស្វាយនៅក្រុមហ៊ុនក្រេនស៊ីស្ទឹងត្រែង ស្ថិតនៅភូមិឫទ្ធីសែនជ័យ ឃុំ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង កាលពីថ្ងៃទី១១ខែ ឧសភាឆ្នាំ២០២១ លោកសំសេង កម្មករវេចខ្ចប់ផ្លែស្វាយបានបញ្ជាក់ថា៖ ឆ្នាំនេះក្រុម ហ៊ុនមិនបានជ្រើសរើសកម្មករថ្មីចូលមកទេ ព្រោះបង្ការជំងឺ ឆ្លងកូវីដ១៩ ទោះបីបច្ចុប្បន្នកំពុងខ្វះកម្លាំងធ្វើការក៍ដោយ ។
លោកបន្តថា កម្មករបានគាំទ្រនូវយន្តការនេះព្រោះប្រទេសកម្ពុជាយើងកើតមានជំងឺកូវីដ-១៩ឆ្លងស្ទើរគ្រប់ខេត្តក្រុងទៅហើយ ដូចនេះខាងក្រុមហ៊ុនក៏បានរឹតបន្តឹងនិងតម្រូវឱ្យកម្មករអនុវត្តវិធានសុខាភិបាលដែរ។
លោកបន្តទៀតថា កម្មករមកធ្វើការនៅក្រុមហ៊ុននេះទទួលបានប្រាក់ឧបត្ថម្ភចាប់ពី៧៥ម៉ឺនទៅ១លាន ២០ម៉ឺនរៀលតាមជំនាញនីមួយៗ និងមានផ្ទះស្នាក់នៅ មានទឹក ភ្លើងប្រើប្រាស់គ្រប់ គ្រាន់ ហើយនៅពេលឈឺថ្កាត់ក៏មានពេទ្យជួយព្យាបាលផងដែរ។
លោក គូជុង អ្នកបក ប្រែភាសាចិនតំណាងឱ្យផ្នែកបច្ចេកទេសនៅក្រុមហ៊ុននេះបានបញ្ជាក់ថា៖ក្រុមហ៊ុនបានបង្កើនការយកចិត្តទុកដាក់ចំ ពោះជីវភាពកម្មករជាពិសេសក្នុងពេលបំពេញការងារនេះ ក៏ត្រូវអនុវត្តតាមវិធានសុខាភិ បាលដែរ។
លោកបន្តថា៖នៅឆ្នាំ ២០២១នេះក្រុមហ៊ុនបាននាំចេញនូវផលស្វាយចំនួន ៣ប្រភេទមុនគេ
-ទីមួយពូជ(អាយវីន)ពណ៌ ក្រហម។- ទី២ពូជ(អធូ អ៊ីធូ) ផ្លែធំមូលស្រដៀងផ្លែប៉ម។
-ទី៣ ពូជ(ជីនហ៊ន)ពណ៌សផ្លែវែងត្រូវនាំចេញមុនគេនិងនៅ៦ប្រភេទទៀតមិនទាន់បានប្រមូលផលទេ។
លោកបន្តថា ៖ផលស្វាយ ផ្លែខ្នាតលេខ១ ក្នុងស្វាយមួយផ្លែមានទម្ងន់ ចាប់ ពី០.៥០គីឡូក្រាមឡើងទៅ ទើបយកទៅកាន់ទីផ្សារ ចំណែកក្រៅពីនោះទុកធ្វើចរាចរនៅក្នុងស្រុក។
សូមបញ្ជាក់ថា៖ក្រុមហ៊ុនក្រេនស៊ីស្ទឹងត្រែងបានទទួលសិទ្ធិវិនិយោគដីសម្ប ទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាង៩០០០ហិកតានៅឆ្នាំ ២០០១សម្រាប់ដាំកៅស៊ូតែដោយសារផ្ទៃដីនេះមិនអំណោយផល ទើបចាប់ពីឆ្នាំ២០១៥មកបានប្តូរទៅដាំដំណាំស្វាយវិញ បច្ចុប្បន្នបានទទួលផលនិងបាននាំ ចេញទៅទីផ្សារក្រៅប្រទេសហើយ ៕
Comments