វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ខែឧសភា បាននាំយកអំណោយស្បៀងអាហារនិង ថ្នាំពេទ្យ មួយចំនួន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីដើម្បីបែងចែកបន្ត ជូនជនពិការ និងជនងាយរងគ្រោះនៅមណ្ឌល សំចតរាជធានីភ្នំពេញ និងមណ្ឌលឱកាសខ្ញុំ ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា អំណោយទាំងនេះគឺដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃនិងការព្យាបាលជំងឺដល់ ជនពិការ និងជនងាយរងគ្រោះដែលកំពុងស្នាក់មណ្ឌលទាំង២។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងនៅព្រលប់ ថ្ងៃទី១១ឧសភានេះថា អំណោយរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការផ្តល់ជូនដោយឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខាងមន្ទីរ របស់លោកស្រីបានយកទៅប្រគល់ជូនដល់ជន រងគ្រោះ និងជនងាយរងគ្រោះនៅមណ្ឌលសំចតរាជធានីភ្នំពេញនិងមណ្ឌលឱកាសខ្ញុំរួចរាល់ហើយ ។
លោកស្រី មុំ ចាន់ដានី ក្នុងនាមប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះទាំងអស់ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំងពីរ ដែលសម្តេចតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ កន្លងមកនេះ។អំណោយនេះ គឺជាអំណោយសម្រាប់បំពេញបន្ថែមសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដោយសារថា ប្រជាពលរដ្ឋទាំងនេះ តែងបាន ទទួលបាននូវការជួយឧបត្ថម្ភ ពីសំណាក់សម្តេចទាំងទ្វេជាបន្តបន្ទាប់ហើយ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះអំណោយជាថ្នាំពេទ្យ នោះ លោកស្រី មិនបានប្រគល់ទៅឲ្យបងប្អូនពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយផ្ទាល់នោះទេ គឺប្រគល់ទៅទៅឲ្យប្រធានមណ្ឌល នីមួយៗ ដើម្បីចាត់ចែងបន្ត ពេលពួកគាត់មានជំងឺឈឺថ្កាត់។
គួរបញ្ជាក់ថា ៖អំណោយស្បៀងអាហារនិងថ្នាំពេទ្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញនេះ រួមមាន ថ្នាំវិតាមីន C ចំនួន ៥០០ទីប ,មី ចំនួន ១០កេសធំ និង ផ្ដល់ជូនជនពិការចំនួន ១៣៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕
Comments