ប្រជាពលរដ្ឋនៅតែបន្ដអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ទោះបីជាមានការដាក់ឲ្យដំណើរការឡើងវិញនូវតំបន់ រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសក៏ដោយ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតែបន្ដចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីមានការធ្វើដំណើរបានជាធម្មតា នៅតាមតំបន់រមណីយដ្ឋានទូទាំងប្រទេសឡើងវិញក៏ដោយ ដើម្បីធានាបានសុវត្ថិភាព ការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩។

 អ្នកយកព័ត៌មានយើង ធ្វើសេចក្តីរាយការណ៍បន្ថែម…………

លោក នី ភារម្យ ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា បើទោះបីជារាជរដ្ឋាភិបាល បើកឲ្យមានដំណើរការ នូវតំបន់រមណីយដ្ឋានទេសចរណ៍វិញក៏ពិតមែន តែលោកនៅមិនទាន់ចង់នាំគ្រួសារ ធ្វើដំណើរទៅណាឆ្ងាយៗនៅឡើយទេ នៅតែបន្ត ស្នាក់នៅក្នុងផ្ទះ ព្រោះដើម្បីការពារខ្លួន ក៏ដូចជាក្រុមគ្រួសារទាំងមូល កុំឲ្យឆ្លងជំងឺកូវីដ-១៩។

លោកបន្តថា ការអនុវត្តន៍ដូច្នេះគឺដើម្បីចូលរួមគោរពវិធានការណ៍ ៣ការ ៣កុំ របស់រាជរដ្ឋាភិបាល ដែលធានាបានសុវត្ថិភាពមិនឲ្យឆ្លង ជំងឺដ៏កាចសាហាវនេះ។ រីឯលោកស្រី យ៉ាវ ស្រីនាង ជាប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ក៏បានឲ្យដឹងដែរថា បើទោះបីជា អាចធ្វើដំណើរ ធម្មតាបានក៏ដោយ តែលោកស្រីនៅតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះថា កូវីដមិនភ្លេចយើងទេ វាជាសត្រូវឥតស្រមោល តាមយាយីយើង ជានិច្ច ហេតុនេះយើងមិនត្រូវភ្លេចខ្លួនទេ គឺត្រូវតែចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ពោលគឺត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ការពារ និង ៣កុំ។ 

សំឡេង៖ « រាជរដ្ឋាភិបាលបានបើកឲ្យដំណើរការឡើងវិញសប្បាយរីករាយដែរ ប៉ុន្តែ គប្បីយើងទាំងអស់គ្នា កុំបណ្តែតបណ្តោយ តាមការគាត់បើក យើងត្រូវការពារទាំងអស់គ្នា ហើយណាមួយទៀត សង្ឃឹមថារាជរដ្ឋាភិបាលរឹតបន្តឹងការដើរលេងយប់ ប្រជាពលរដ្ឋយើងមានការជួបជុំផឹកស៊ីទៅ ធ្វើឲ្យមានការឆ្លងរីករាលដាលកាន់តែច្រើនឡើង។ គាត់បើកវាល្អណាស់ហើយសម្រាប់ប្រជាពលរដ្ឋយើងស្រួលចេញធ្វើការរកស៊ី ដើម្បីយកមកដោះដូរជីវភាព ហើយណាមួយយើង ប្រជាពលរដ្ឋត្រូវមានការការពារខ្លួនឯងដែរ ដូចថារក្សាគម្លាត យើងកុំទៅជួបជុំកន្លែងដែលមានមនុស្សច្រើន រស់នៅត្រូវមានអនាម័យ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ »។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តែទោះជាយ៉ាងណាក្ដី រាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវបង្កើនការអនុវត្តន៍វិធានការពារ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន កុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្តទៀត៕

Comments

Related posts