ក្រសួងការងារបន្តបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ជាង៥ពាន់នាក់ នៅរោងចក្រសហគ្រាសចំនួន ២៩ នៃវិស័យកាត់ដេរនិងវិស័យទេសចរណ៍

 

វិទ្យុជាតិកម្ពុជា ដោយ អ៊ី កនិកា 

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន៥ ២៦២នាក់ នៅរោងចក្រ សហគ្រាសទាំង២៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបាន ព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់ វិធានការរបស់រាជរដ្ឋាភិបាលលើកទី៦០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារឲ្យបានដឹងថា ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖

៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់១០ថ្ងៃ,ចំនួន១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង ចំនួនទឹកប្រាក់១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ក្រសួងសូមរំព្ញកថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើក ប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីងដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង២៩ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ ឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន៕

Comments

Related posts