វិទ្យុជាតិកម្ពុជា ៖ ម៉ៅ សុខរីម
បន្ទាយមានជ័យ៖ កសិករក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមដាំដុះពោតក្រហមដើមរដូវវស្សាឆ្នាំនេះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈដែលពោតក្រហមនេះងាយស្រួលដាំ និងផ្តល់ទិន្នផលខ្ពស់ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រជាកសិករដែលនៅក្នុងស្រុកម៉ាឡៃ បានដាំដុះពោតក្រហម ក្នុងរដូវវស្សានេះ លើផ្ទៃដីប្រមាណជាង១២ ០០០ហិកតា ដែលបានប្រើប្រាស់ពូជថ្មីៗ ជាច្រើន សម្រាប់ការដាំដុះនេះ ។ លោកបន្តថា តាមរយៈការផ្សព្វផ្សាយបច្ចេកទេសដាំដុះ ពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងអ្នកបច្ចេកទេសរបស់បណ្តាក្រុមហ៊ុនលក់ពូជពោត បានជំរុញឱ្យប្រជាកសិករយើង ផ្លាស់ប្តូរការដាំទម្លាប់ចាស់មួយចំនួន ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោបាចសាច ដែលប្រើប្រាស់ទឹកតិច មកជាការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យបរិមាណផលពោតមានការកើនឡើង ។
សំឡេង៖«យើងមានរៀបចំតាមគំរោងអេសស្ពាយយើងរៀបគាត់ជាបណ្ដុំអាជីវកម្មមួយៗមានអាជីវកម្មដំឡូងអាជីវកម្មពោត ក្នុងមួយបណ្ដុំមានប្រមាណ៥០គ្រួសារ ហើយយើងមានការបណ្ដុះបណ្ដាលពីបច្ចេកទេសទាំងអស់តាំងពីការដាំដុះការថែទាំអីទាំងអស់ យើងរើសកន្លែងមួយកន្លែងទៅសម្រាប់ធ្វើបង្ហាញដល់កសិករក្នុងភូមិឃុំនិងដែលគាត់ចង់រៀន » ។
លោកបានបញ្ជាក់ថា ផលិតកម្មដំណាំពោតក្នុងខេត្តបន្ទាយមានជ័យកន្លងទៅ កសិករតែងជួបបញ្ហាសត្វចង្រៃមួយចំនួន ដែលទាមទារឱ្យប្រជាកសិករឧស្សាហ៍ព្យាយាមចុះពិនិត្យចម្ការ ថែទាំ រៀបចំប្រព័ន្ធសុវត្ថិភាព ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ជាពិសេសអាចទាក់ទងពិគ្រោះយោបល់ជាមួយ មន្ត្រីជំនាញរបស់មន្ទីរកសិកម្មខេត្តឱ្យបានញឹកញាប់។
សូមបញ្ជាក់ថា ផលិតកម្មដំណំាពោតក្រហមនៅខេត្តបន្ទាយមានជ័យ ភាគច្រើនដាំតែនៅស្រុកម៉ាឡៃ តែប៉ុណ្ណោះ ដោយសារតែទីតំាងនោះមានភាពអំណោយផលលើដំណាំពោត ដុះលូតលាស់បានល្អ ហើយងាយស្រួលក្នុងការនាំចេញ៕
Comments