រដ្ឋបាលខេត្តកណ្តាលបន្តឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល១សប្តាហ៍ទៀត

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
កណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនចូលមកទទួលទាន ក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទរយៈពេល១ សប្តាហ៍ទៀត ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្តកណ្តាលដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាព និងបន្តចូលរួម ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ   រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំដូចជា គ្រប់ទីផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និង អាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត កណ្តាល ។ 
សេចក្តីប្រកាសបញ្ជាក់ថា ទីតាំងខាងលើ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់និងការរក្សាគម្លាត សុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
សេចក្តីណែនាំ របស់រដ្ឋបាលខេត្តកណ្តាល បន្តថា ចំពោះ ភូមិសាស្ត្រក្រុងតាខ្មៅ ការប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈនិងអាជីវកម្មដ្ឋានផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតធ្វើអាជីវកម្មលក្ខណៈវេចខ្ចប់ ដោយបន្តផ្អាក ទទួលអតិថិជនចូលទទួលទាននៅនឹងកន្លែង សម្រាប់រយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ។ បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមនេះ នឹងត្រូវបាន អនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន ៕

Comments

Related posts