សម្តេចវិបុលសេនាភក្តីក្រាបបង្គំថ្វាយព្រះពរព្រះមហាក្សត្រមានព្រះជន្មាយុយឺនយូរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា

វិទ្យុជាតិកម្ពុជា ៖ លោក យី  វិច្ឆិកា
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏មហានក្ខត្តឫក្សមង្គលថ្លៃថ្លា ឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៦៨ ព្រះវស្សាយាងចូល៦៩ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភានេះ  តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តីនិងភរិយា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខមហាមង្គលដ៏ប្រសើរថ្លៃថ្លាបំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

185245879_2547111318930003_5274731183903892718_n
សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវ ព្រះកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់តែងយកអស់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណមិនចេះនឿយហត់ បំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមចំពោះជាតិនិងសាសនា ។ ក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងការរីករាលដាលដោយជំងឺកូវីដ-១៩ ព្រះអង្គបានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ ព្រះអង្គ និងបានគង់ប្រថាប់ជាម្លប់ដល់រាជរដ្ឋាភិបាលនិងប្រជារាស្រ្តជានិច្ចនិរន្តរ៍។ ប្រជារាស្ត្រខ្មែរមានភ័ព្វវាសនាខ្ពស់ ដែលមានអង្គព្រះ មហាក្សត្រប្រកបដោយទសពិធរាជធម៌ ធ្វើឲ្យសង្គមជាតិមានការឯកភាព ចម្រើនរុងរឿងលើគ្រប់វិស័យ ដោយទសបារមីដ៏ថ្លៃថ្លា វិសេសវិសាល និងព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ នឹងទទួលបានជោគជ័យ ហើយសេដ្ឋកិច្ច-សង្គម នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ។

photo_2021-05-12_13-32-08
សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត លើកហត្ថប្រណមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី និងគុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីត ព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គសូមតាមជួយបីបាច់ថែរក្សាប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏សែនត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាកូន ជាចៅរបស់ព្រះអង្គជាយូរអង្វែងតរៀងទៅ ៕

Comments

Related posts