ការផ្គត់ផ្គង់បន្លែនៅខេត្តបាត់ដំបងមិនមានការរាំងស្ទះទេ ទោះបីជាមានការបិទខ្ទប់តំបន់មួយចំនួនក៏ដោយ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
បាត់ដំបង ៖ ប្រជាកសិករនៅខេត្តបាត់ដំបង នៅតែអាចបន្ដផ្គត់ផ្គង់បន្លែជាធម្មតា ដោយមិនមានអ្វីរាំងស្ទះដល់ការដឹកជញ្ជូនទេ ទោះបីជាមានការបិទខ្ទប់តំបន់មួយចំនួនក៏ដោយ ដែលធ្វើឲ្យជីវភាពរបស់ប្រជាកសិករនៅតែល្អប្រសើរ។
លោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីជា បច្ចុប្បន្នកំពុងជួបវិបត្តិជំងឺកូវីដ-១៩ក៏ពិតមែន តែចំពោះខេត្តបាត់ដំបងមិនសូវជួបការលំបាកអ្វី ដែលធ្វើឲ្យរាំងស្ទះដល់ការដាំដំណាំ និងការចរាចរលក់បន្លែបង្ការរបស់ប្រជាកសិករទេ ។  លោកបន្ដថា ប្រជាកសិករនៅតែបន្តដាំដុះបន្លែគ្រប់មុខ និងដំណាំហូបផ្លែផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់ទូទៅនៅក្នុងខេត្តបាត់ដំបង ព្រមទាំងនាំចេញទៅលក់នៅរាជធានីភ្នំពេញផង។  លោកបន្តថា ចំពោះកសិផល ក៏មិនមានការរាំងស្ទះអ្វីដែរ ដូចជា ដំណាំពោត  ,ដំឡូងមី ក៏មាននាំចេញទៅលក់ជាបណ្ដើរៗហើយ  ទាំងក្នុងស្រុក និងការនាំចេញ ទៅប្រទេសជិតខាង។

photo_2021-05-13_12-06-01
សំឡេង៖ «កន្លងមកយើងមិនមានផលលំបាកអ្វីទេគ្រាន់តែថា ជាទូទៅពាក់ព័ន្ធនឹងតម្លៃ និងពាក់ព័ន្ធអ្វីផ្សេងៗ ដូចជាមិនមានបញ្ហាអ្វីទេ ដូចយើងដឹងស្រាប់ហើយយើងទទួលស្គាល់ថាមានការលំបាកស្ទើរតែគ្រប់ទីកន្លែងទាំងអស់ពាក់ព័ន្ធនឹងការងារកសិកម្ម។ ប៉ុន្តែយើងមិនអីទេយើងផ្គត់ផ្គង់យើងបញ្ជូនទៅដល់រាជធានីភ្នំពេញទៅដល់ខេត្តដទៃលើកលែងតែពិបាកបន្តិចនៅក្នុងពេលដែលបិទខ្ទប់ តំបន់ក្រហមមួយចំនួននៅក្នុងរាជធានីភ្នំពេញជាពិសេសកន្លែងប្រមូលផ្ដុំមនុស្សច្រើនដូចជាផ្សារនាគមាស ផ្សារផ្សេងៗទៀតមិនអាច ទៅរួចបាន។ ប៉ុន្តែបន្លែទាំងអស់យើងចរាចរណ៍ទៅតាមផ្សារក្នុងខេត្តរបស់យើងមិនអីទេទៅតាមកន្លែងផ្សេងៗ។ ដោយឡែកការងារកសិផលក៏យើងមិនមានការរាំងស្ទះដែរពាក់ព័ន្ធនិងពោត ដំឡូងមី ក៏យើងលក់នាំចេញទៅបណ្ដើរ ទាំងក្នុងស្រុកនិង ការនាំចេញទៅប្រទេសជិតខាង ដំឡូងមីយើងបានតម្លៃសមរម្យមួយគីឡូលក់បាន៨រយរៀល ដំឡូងមីក្រៀមយើងឃើញថាល្អប្រសើរ ដូចជាពោត ជាដើម»។

photo_2021-05-13_12-05-18
លោកបានបញ្ជាក់ថា មុនពេលផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ  គឺមានការចរាចរបន្លែ ទៅលើទីផ្សារធំៗ  ដូចជាផ្សារនាគមាស   ផ្សារដើមគរ   និងតំបន់មួយចំនួននៅក្នុងផ្សារទំនើបរបស់រាជធានីភ្នំពេញ  និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត  មានដូចជា ក្រុងប៉ោយប៉ែត ខេត្តសៀមរាប  កំពង់ធំ  និងខេត្តកំពង់ចាមជាដើម  បានរហូតដល់ចន្លោះពី ១៥០តោនទៅ ១៧០តោនក្នុងមួយថ្ងៃ៕

Comments

Related posts