សាខាកាកបាទក្រហមកម្ពុជាខេត្តបៃលិន ផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តបៃលិន

ប៉ៃលីន ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន ដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទ ក្រហមខេត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  

នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរ ក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទ ហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេស មិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។ 

លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឲ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ឲ្យអនុវត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀង ទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយ កម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្កបង្កើនផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រូសារឲ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឲ្យបានធូរធាជាងមុន ។ 

IMG_20210516_212141_471

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។ 

IMG_20210516_213142_297

ជាការឆ្លើយតប ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានទទួលអំណោយ បានសម្តែងនូវទឹកចិត្តរំភើប និងសប្បាយរីករាយឥតឧបមា ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាប្រធានសាខា ដែលបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានទាន់ពេលវេលា ហើយ សូមជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះ ក្រុមការងារទាំងអស់របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

IMG_20210516_212150_282

សូមបញ្ជាក់ថា៖ អំណោយដែលផ្តល់ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេសទឹកស៊ីអ៊ីវ ១យួ ទឹកបរិសុទ្ធវីតាល់ ១កេស ត្រីខ ១យួរ ពងទា សាប៊ូ Protex ១ដុំធំ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

Comments

Related posts