បារាំងផ្តល់ថវិកា១,៥លានអឺរ៉ូដល់គណៈកម្មការទន្លេមេគង្គលម្អបណ្តាញតាមដានទឹកទន្លេ

វិទ្យុជាតិកម្ពុជា លោក វ៉ាង ភក្តី

 ភ្នំពេញ រដ្ឋាភិបាលបារាំង ផ្តល់ជំនួយជាថវិកាចំនួន១,៥លានអឺរ៉ូ ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីពង្រីក និងបង្កើនប្រសិទ្ធិភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។

     ថវិកាជំនួយដែលភាគីបារាំងគាំទ្រដល់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១នេះ ត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ហៅកាត់ AFD មានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់គណៈកម្មការទន្លេមេគង្គនិងប្រទេសជាសមាជិកមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីតាមដានរំហូរទន្លេ និងបរិមាណទឹកភ្លៀង និងផលប៉ះពាល់ដែលអាចកើតមានពីគម្រោងអភិវឌ្ឍន៍ និងការប្រែ ប្រួលអាកាសធាតុទៅលើសហគមន៍តាមអាងទន្លេ និងបរិស្ថាន ពិសេសលើគុណ ភាពទឹក កំណកកករ និងជលផល ។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

IMG_20210517_125410_845-1

    លោកបន្តថា មូលនិធិថ្មីនេះ គឺជាជំនួយបន្តពីជំនួយចំនួនពីរផ្សេងទៀត ដែលមានទឹក ប្រាក់ចំនួន៤លានអឺរ៉ូ ពីប្រទេសបារាំង សម្រាប់ពីរដំណាក់កាលដំបូង នៃគម្រោងបណ្តាញតាមដានរំហូរទន្លេ និងបរិមាណទឹក ភ្លៀង។ នៅដំណាក់កាលទី១ ពីឆ្នាំ២០០៧ ដល់២០១២ គឺគណៈកម្មការទន្លេមេគង្គ បានបង្កើតបណ្តាញមួយដែលមានស្ថានីយតាមដានរំហូរទន្លេនិងបរិមាណទឹកភ្លៀង ចំនួន៤៩ តាមដងទន្លេមេគង្គ និងដៃ ទន្លេនានា ដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែងនៃកម្រិតទឹក និងបរិមាណទឹកភ្លៀង រៀងរាល់ ១៥នាទីម្តង សម្រាប់ការព្យាករណ៍កម្ពស់ទឹកជំនន់ និងតាមដានស្ថានភាពទន្លេ។ នៅដំណាក់កាលទី២ ពីឆ្នាំ២០១៦ ដល់២០២២ គឺគណៈកម្មការទន្លេមេគង្គ បានពង្រីកបណ្តាញនេះ ដោយបង្កើតស្ថានីយចំនួន១១ បន្ថែមទៀត នៅតាមដងទន្លេមេ និងធ្វើឱ្យប្រសើរដល់ការយល់ដឹងពីថាមវន្តទន្លេនេះ និងការប្រើប្រាស់ទិន្នន័យសម្រាប់វិស័យផ្សេងទៀតនៃការគ្រប់គ្រងធនធានទឹក។

IMG_20210517_125418_409-1

     លោកស្រី ជូលី ហ្គាបេត-អ៊ូហ៊ីអូន (Julie Gabet-Ouahoune) នាយក AFD ប្រចាំប្រទេសឡាវ មានប្រសាសន៍ថា “ថវិកានេះ នឹងផ្តល់លទ្ធភាពឱ្យគណៈកម្មការទន្លេមេគង្គ បង្កើនចំណេះដឹងនៃទម្រង់បែបជលសាស្ត្ររបស់ទន្លេ មេគង្គ និងដៃទន្លេសំខាន់ៗ ដែលជាលទ្ធផល វាបង្កើតឱ្យមានប្រព័ន្ធតាមដានរួមមួយ សម្រាប់ការគ្រប់គ្រងទន្លេឱ្យបានកាន់តែប្រសើរ”។

    ប្រទេសបារាំង ជាដៃគូមួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ជា ច្រើន ដែលគាំពារដល់ការ អនុវត្តផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គ ដោយចាប់ពីឆ្នាំ២០០៦មក បានផ្តល់ជំនួយថវិកាជាង ១០លានអឺរ៉ូ ឬត្រូវជា១២ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចការតាមដានទន្លេ ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការប្រែ ប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕

Comments

Related posts