គម្រោងស្ថាបនាផ្លូវជាតិលេខ៤និងខឿនសួនច្បារកណ្តាលថ្នល់ពុះខ័ណ្ឌចែកទ្រូងផ្លូវជា២ នៅខេត្តព្រះសីហនុ សម្រេចការងារសាង់សង់រួចរាល់ហើយ

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា

ភ្នំពេញ ៖ អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៤និងខឿនសួនច្បារកណ្តាលថ្នល់ពុះខ័ណ្ឌចែកទ្រូងផ្លូវជា២នៅខេត្តព្រះសីហនុ ចម្ងាយជាង៦គីឡូម៉ែត្រ សម្រេចការងារសាង់សង់រួចរាល់ហើយ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពខេត្តឱ្យកាន់តែស្រស់ស្អាត។

IMG_20210517_133250_615

  ឯកឧត្តមឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា គម្រោងស្ថាបនាផ្លូវនិងខឿនសួនច្បារកណ្តាលថ្នល់ពុះខ័ណ្ឌចែកទ្រូងផ្លូវជា២ លើកំណាត់ផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ ចាប់ពីមុខរោងចក្រស្រាបៀរអង្គរ រហូតមកដល់មុខទីបញ្ជាការកងរាជអាវុធហត្ថ ដែលមានទទឹង២៩ម៉ែត្រ និងបណ្តោយ ៦៧០០ម៉ែត្រ ដោយធ្វើការខ័ណ្ឌពុះទ្រូងផ្លូវដោយសួនដែលមានបណ្តោយ ៦៧០០ ម៉ែត្រ បានសម្រេចការសាង សង់រួចរាល់ហើយ ។

    ឯកឧត្តមបន្តថា ផ្លូវនេះគឺមានលក្ខណៈពិសេស ដែលមានទំហំផ្លូវធំ គឺមានផ្លូវ៣ គន្លងទៅនិង៣គន្លងមក ដែលអាចឱ្យរថយន្តកុងតឺន័រដែលមានខ្នាតវែងបំផុត អាចបត់បញ្ច្រាសគ្នាបាន ។  

IMG_20210517_133341_527

   ឯកឧត្តមបានបន្តទៀតថា ការបង្កើតឱ្យមានខ័ណ្ឌចែកពុះទ្រូងផ្លូវនេះ នឹងអាចកាត់ បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍និងបង្កើនសោភ័ណភាពរបស់ផ្លូវបន្ថែមទៀត ។ 

សំឡេង«និយាយជារួមទៅ គឺហើយអស់ហើយនៅតែមិនទាន់មានលុយសម្រាប់ដាំផ្កាប៉ុណ្ណោះទេ ទ្រូងផ្លូវ៦គីឡូម៉ែត្រជាងនោះគឺហើយអស់ហើយ ខឿនចិញ្ចើមផ្លូវក៏រួចហើយដែរ នៅសល់តែតិចតួច សម្រាប់ការបំពេញការឆកល្វែងតិចតួច បង្គោលភ្លើងដាក់រួចហើយ ស្លាកសញ្ញាក៏ដាក់រួចហើយ លូបង្ហូរទឹកក៏រួចហើយ និយាយរួមការងារតាមកិច្ចសន្យាធ្វើហើយអស់ហើយ »។

    ឯកឧត្តមសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាប្រើ ប្រាស់ផ្លូវទាំងអស់ ចូលរួមថែ រក្សាសមិទ្ធផលទាំង អស់នេះ ខណៈដែលកន្លងមកមានប្រជាពលរដ្ឋមួយចំនួន មានការចតឡានលើទ្រូងផ្លូវ លើផ្លូវជាពិសេសកុងតឺន័រតែម្តង។បន្ថែមពីនោះទៀតមានប្រជាពលរដ្ឋមួយចំនួនទៀតអូសម៉ូតូនិងជិះម៉ូតូឆ្លងកាត់សួនពុះខ័ណ្ឌចែកទ្រូងផ្លូវ ជិះបញ្ច្រាសដែលជាការខុសច្បាប់ និងអាចឈានទៅគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។

    គួរកត់សម្គាល់ថា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លង មកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានាបាននូវគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង ៕

Comments

Related posts