រដ្ឋបាលរាជធានីណែនាំដល់ពលរដ្ឋ កម្មករ កម្មការិនី បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ សូមទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ នឹងទទួលបានអំណោយភ្លាម

 វិទ្យុជាតិកម្ពុជា 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រកាសថា បើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះ ខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទី ស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់របស់បងប្អូន នោះក្រុមការងារនឹងចែកជូនបងប្អូនភ្លាម ។ រដ្ឋបាលរាជ ធានីភ្នំពេញ មិនខ្វះទេស្បៀង អាហារសម្រាប់ចែកជូនបង ប្អូន ដោយមានទាំងស្បៀង អាហាររបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរស ជននានាថែមទៀត។

IMG_20210517_140926_723

     ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ខណៈដែលឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

    ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ទៀតថា ៖កន្លងមកអាជ្ញាធររាជធានី ខណ្ឌនិងសង្កាត់ បានយកចិត្តទុកដាក់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនជាបន្ត បន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះបងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។

IMG_20210517_140937_729

   ឯកឧត្តមអភិបាលរាជធានីបានលើកឡើងទៀតថា សម្ដេចតេជោហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត ។ បន្ថែមពីនេះទៀត ក្នុងកាលៈ ទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩នេះ សម្ដេចតេជោបានស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀត ។ មិនថាតែកូវីដ-១៩ ទេ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែនផងដែរ។ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោចេញមុខជួយ មិនមែនធ្វើយូរទៅក្រទៅៗ ដូចក្រុមមួយនោះនិយាយទេ សូមបងប្អូនកុំជឿការឃោសនារបស់ក្រុមមួយនោះឱ្យសោះ ពួកគេគ្មានអ្វីជួយបងប្អូនទេ សូម្បីតែម៉ាសមួយ អង្ករមួយគីឡូក្រាម ចែកជូនបងប្អូនក៏គ្មានដែរ៕

Comments

Related posts