កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី

ភ្នំពេញ ៖ កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈវិស័យនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាពេលថ្មីៗនេះ គឺប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ដោយជំរុញនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានចំនួន៤ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ បន្ទាប់ពីជួបប្រទះនូវបញ្ហារអាក់រអួលដោយសារការរាតត្បាតជំងឺកូវីដ-១៩។

photo_2021-05-18_09-17-04
ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជា បានបង្ហាញពីជំហរខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាក។ ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។ 

photo_2021-05-18_09-17-05
ភាគីកម្ពុជា លើកឡើងថា ប្រសិនបើច្រកទ្វារទាំងនេះ ត្រូវបានបើកដំណើរការ គឺវានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ 

photo_2021-05-18_09-17-04 (2)
យោងតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានឱ្យដឹងថា ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ាន បានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹងការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន៕

photo_2021-05-18_09-17-05 (2)

Comments

Related posts