សម្តេចតេជោ សម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រងឧកញ៉ាឱ្យមានប្រសិទ្ធភាព។ 
តាមរយៈសេចក្តីសម្រេចរបស់ សម្តេចតេជោឱ្យដឹងថា ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា មានសមាសភាពចំនួន១២រូប ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀតមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ។

photo_2021-05-18_09-51-37
តាមរយៈសេចក្តីសម្រេចរបស់ សម្តេចតេជោ បន្តថា ក្រុមការងារអន្តរក្រសួងនេះ មាន ភារកិច្ចដូចជា សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើត លិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។ សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូល សម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។ សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ ។ រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។ ធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ ។ រៀបចំឯកសារពាក់ព័ន្ធ ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច និង បំពេញភារកិច្ចផ្សេងៗទៀត តាមការចាំបាច់។
សេចក្តីសម្រេចរបស់ សម្តេចតេជោ បន្តទៀតថា អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាម ការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។ ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រា របស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន៕

Comments

Related posts