វិទ្យាជាតិកម្ពុជា ៖ លោកស្រី ហាន់ស្រីណា
ឧត្តរមានជ័យ ៖ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករខេត្តឧត្តរមានជ័យភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាសក្នុងការដាំដំណាំជាច្រើនប្រភេទ ពិសេសអាចផ្លាស់ប្តូរ មុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារផងដែរ។
លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នដំណាំ ៤ប្រភេទដែលប្រជាពលរដ្ឋខេត្តឧត្តរមានជ័យនិយមដាំដុះ ហើយទទួលបានទិន្នផលល្អ ទាំងតម្លៃនិងគុណភាពនោះរួមមាន៖ ទី១.ដំណាំស្រូវមានផ្ទៃដាំដុះជាង ៩៥,០០០ហិកតា, ទី២.ដំណាំដំឡូងមីមានផ្ទៃដីដាំដុះ ជាង៦ម៉ឺនហិកតា, ទី៣.ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះជាង ១ម៉ឺនហិកតា និងទី៤.ដំណាំស្វាយកែវរមៀតជាង ១ម៉ឺនហិកតា ។ ដំណាំទាំងអស់នេះ កំពុងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។
សំឡេង: ស្រូវមានផ្ទៃដីប្រហែលជា៩៥,០០០ហិកតា ដំឡូងមីយើងដាំជាង ៦ម៉ឺនហិកតា ផ្ដល់ ទិន្នផលប្រហែលជាង២០ តោនក្នុងមួយ ហិកតា។ ដំណាំទំាងនេះពេលដែលយើងទទួលបានផល យើងនាំទៅលក់នៅប្រទេសថៃនិងប្រទេសវៀតណាម ទៅតាមតម្លៃ នៅប្រទេស ណា បានថ្លៃជាងប្រជាកសិករយកលក់នៅប្រទេសហ្នឹង ហើយពាក់ព័ន្ធនឹងស្វាយចន្ទីប្រហាក់ប្រហែល១ម៉ឺនហិកតា ហើយគាត់កំពុងប្រមូល ផល ប្រហែលជា៥ពាន់ទៅ៦ពាន់ហិកតា ហើយស្វាយកែវរមៀតក៏អ៊ីចឹងដែរជាង ១ម៉ឺនហិកតាដែរ ហើយកំពុងប្រមូលផលប្រហាក់ប្រហែល ជាង៥ពាន់ហិកតាដែរ មួយឆ្នាំទៅមុខទៅមុខទៀតមានការកើនឡើងទៅតាមអាយុកាលស្វាយប្រមូលផល។
លោកបញ្ជាក់ថា ទោះបីជាខេត្តឧត្តរមានជ័យ ជាតំបន់ខ្ពង់រាបដីមានលក្ខណ:ខ្ពស់ទាបមិនសូវស្មើក៏ដោយ តែប្រជាកសិករនៅតែអាចធ្វើ កសិកម្មបានដោយជោជ័យ ព្រោះមន្ទីរតែងចុះបង្រៀនដល់ពួកគាត់ឲ្យចេះធ្វើការកៀរដី ជួយឲ្យដីរាបស្មើល្អ ងាយស្រួលគ្រប់គ្រងជី ប្រព័ន្ធទឹកចេញចូលបានស្មើគ្រប់ទីកន្លែង កាត់បន្ថយការដុះស្មៅ ដំណាំដុះបានស្មើល្អ និងមានទិន្នផលខ្ពស់។
គួរជម្រាបផងដែរថា ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ បានងាកពីការរុករកអនុផលព្រៃឈើ មកជាការធ្វើកសិកម្មតាមបែបកសិកម្មថ្មី ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងរក្សាបាននូវនិរន្តរភាពនៃការអភិរក្សធនធានធម្មជាតិផងដែរ។ ការរីកចម្រើនផ្នែកសិកម្មនៅខេត្តឧត្តរមានជ័យនេះ ដោយសារតែខេត្តបានអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្តជាច្រើននៅទូទំាងខេត្ត ដែលធ្វើ ឲ្យកសិកម្មមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការងារស្រែចម្ការច្បារដំណាំរបស់ខ្លួន ហើយទទួលបានទិន្នផលល្អថែមទៀតផង៕
Comments