កម្ពុជាសង្ឃឹមថា កំណើនសេដ្ឋកិច្ច៤ភាគរយនៅតែសម្រេចបាននៅក្នុងឆ្នាំនេះ 

 

វិទ្យុជាតិកម្ពុជា ៖ ធីណា ឌីណេ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា កំណើនសេដ្ឋកិច្ច៤% នៅតែអាចសម្រេចបាននៅក្នុងឆ្នាំនេះ ខណៈក្នុងរយៈពេល៥ខែមកនេះ សេដ្ឋកិច្ចកម្ពុជា នៅតែរឹងមាំដដែល ទោះបីឋិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក៏ដោយ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ឱ្យដឹងថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់កម្ពុជា អាចទប់ទល់បាន ប៉ុន្ដែមិនល្អតាមការ រំពឹងទុកទាំងស្រុងនោះទេ។ 

ឯកឧត្តមបញ្ជាក់ថា ទោះបីជារងផលប៉ះពាល់ពីការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប៉ុន្ដែកម្ពុជានៅតែមានសមត្ថភាពក្នុងការនាំចេញ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជានៅតែរឹងមាំ ដែលអាចសម្រេចការនាំចេញទៅក្រៅ កើន១៧ភាគរយក្នុងទំហំទឹកប្រាក់៣ទៅ៤ពាន់ លានដុល្លារដដែល។ ដោយឡែកការនាំចេញ ខោអាវ ទៅក្រៅប្រទេស ប្រហាក់ប្រហែលនឹងឆ្នាំ២០២០ ហើយទំនិញមិនមែន ខោ អាវ កើន៥២ភាគរយផងដែរ។  

សំឡេង «ក្នុងរយៈពេល៥ខែនេះ យើងបង្ហាញថា ទប់ទល់បាន មិនធ្លាក់ខ្លាំងពេកទេ ប៉ុន្ដែបើធៀបអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមក ៤ភាគរយ នេះមានការប៉ះពាល់ហើយ ប៉ុន្ដែការប៉ះពាល់នេះ យើងត្រូវរង់ចាំដល់ចុងឆ្នាំទៀត បើសិនជាងើបបានជាសេដ្ឋកិច្ច ក្នុងអំឡុង ខែ៩ ឬខែ១០វិញ ដូច្នេះ យើងនៅតែមានសង្ឃឹមថា ៤%នេះ ឆ្នាំនេះ នៅតែសម្រេចបាន ប៉ុន្ដែអាស្រ័យ នៃការផ្ទុះរបស់យើង នៅរយៈពេលប៉ុន្មាន បើផ្ទុះរហូតរបៀបនេះពិបាក»។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជានៅតែចាត់ទុកប្រទេសចិនជាប្រភពដ៏សំខាន់សម្រាប់ កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា តាមរយៈ ពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហការផ្សេងៗទៀត ជាដើម៕

Comments

Related posts