វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន
ប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានដឹកនាំក្រុមការងារ និងមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ចុះរៀបចំនៅតាមទីតាំងអគាររដ្ឋចំនួន ៤កន្លែង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបំពាក់គ្រែពេទ្យចំនួន ៨០០ ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំឲ្យអជ្ញាធរស្រុក និងមន្ទីរសុខាភិបាល ត្រូវរៀបចំកន្លែងសម្រាករបស់បងប្អូនមកធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវមានកន្លែងលាងដៃ បន្ទប់ទឹក កន្លែងចោលសំរាមឲ្យបានត្រឹមត្រូវចៀសវាងការចម្លងមេរោគផ្សេងៗ ដោយត្រូវអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រឡប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែល បានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់ គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មសម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុង ខេត្ត ប្រកបដោយការទទួលខុស ត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ ។
សូមបញ្ជាក់ថា៖ គ្រែពេទ្យ ចំនួន ៨០០ ដែលយកមកបំពាក់នៅតាមមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង ០៤ទីតាំង គឺជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដោយក្នុង១មណ្ឌលទទួលបានចំនួន ២០០គ្រែ៕
Comments