វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសបានដឹកមកដល់កម្ពុជាបន្ថែមទៀត

វិទ្យុជាតិកម្ពុជា  ៖ លោក យី វិច្ឆិកា 
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១នេះ វ៉ាក់សាំងការពារកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូស របស់ចិន បានដឹកមកដល់កម្ពុជាបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ វ៉ាក់សំាងចំនួន១លានដូសនេះត្រូវបានទទួលដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  

photo_2021-06-28_10-56-12
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង១១លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

photo_2021-06-28_10-56-14
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹង វ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ៥លានដូសបានដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយ ឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

photo_2021-06-28_10-56-11

Comments

Related posts