វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបន្តពន្យល់លម្អិតទៅដល់សាធារណជនពីបុគ្គលណាដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩បាន ដើម្បីផ្តល់ជាចំណេះដឹងដល់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្ននេះនៅតែមានប្រជាពលរដ្ឋមួយចំនួនមានការងឿងឆ្ងល់ពីបញ្ហានេះ ។
ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងហានិភ័យនៃការចាក់វ៉ាក់សាំង បានមានប្រសាសន៍ថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ មិនខុសពីវ៉ាក់សាំងដទៃទៀតប៉ុន្មានទេ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩ក្នុងពេលបច្ចុប្បន្ននេះពិតជាមានសារសំខាន់ជាងវ៉ាក់សាំងផ្សេងៗទៀត ដោយសារតែជំងឺកូវីដ-១៩កំពុងនៅតែវាយលុកខ្លាំងទូទាំងសកលលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ គឺអាចចាក់ជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លើកលែងតែអ្នកកំពុងសម្រាកព្យាបាលធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យគឺមិនអាចចាក់បានទេ ប៉ុន្តែបើអ្នកដែលមានជំងឺប្រចាំកាយវិញ គឺត្រូវ តែទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ជាដាច់ខាត ។ ឯកឧត្តមបានពន្យល់ពីអ្នកដែលទៅទទួលវ៉ាក់សំាងបាន និងអ្នកដែលមិនអាចទៅទទួលវ៉ាក់សាំងបាន។
សំឡេង ៖ « ករណីដែលបងប្អូនមានបញ្ហាសុខភាពហើយមានការបារម្ភថាចាក់បានឬមិនបាននោះ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ជូនថា គឺមានចំនួនតិចតួចបំផុត ឧទាហរណ៍ជាក់ស្តែងអ្នកជំងឺដែលកំពុងស្ថិតនៅក្នុងការព្យាបាលកម្រិតធ្ងន់ដែលនៅក្នុងមន្ទីរពេទ្យ បកមកវិញសម្រាប់ជំងឺប្រចាំកាយ ដែលប្រជាពលរដ្ឋយើងគាត់តែងតែនិយាយថា គាត់មានជំងឺប្រចាំកាយនេះនោះ ដូចជាទឹកនោមផ្អែម លើសឈាម ជម្ងឺក្រពះ ជម្ងឺពោះវៀន គាត់តែងតែខលសួរក្រុមការងារយើងខ្ញុំ ថាតើគួរចាក់វ៉ាក់សាំងបានដែរឬទេ? ដែលគាត់ថាមានជំងឺប្រចាំកាយប្រើថ្នាំជាប្រចាំនោះ គឺពិតជាមានសារសំខាន់ក្នុងការចាក់វ៉ាក់សាំងគឺមានន័យថា ក្រុមគាត់គឺជាក្រុមគោលដៅដែលត្រូវចាក់ ព្រោះគាត់មានហានិភ័យខ្ពស់នៅពេលដែលគាត់ឆ្លង នៅពេលដែលអ្នកមានជំងឺបូករួមជាមួយ ហើយបានឆ្លងជំងឺកូវីដ១៩ នោះ អត្រាដែលធ្វើឱ្យគាត់ធ្ងន់ធ្ងរនឹងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សមានច្រើន ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើង អត្រាស្លាប់ដែលបងប្អូនប្រជាពលរដ្ឋយើងឃើញតួលេខស្លាប់បច្ចុប្បន្ននេះភាគច្រើន គឺទៅលើវ័យចំណាស់ បូករួមជាមួយនឹងអ្នកដែលមានជំងឺលាយឡំមួយចំនួន ក្នុងនោះគឺជំងឺប្រចាំកាយនេះតែម្ដង » ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ចំពោះស្ត្រីដែលមានបំណងយកបុត្រ គឺគួរតែព្យាយាមពន្យារពេលសិន ដើម្បីទទួលបានចាក់វ៉ាក់សំាងទាំង២ដូសឱ្យបានរួចរាល់ ព្រោះក្នុងកាលៈទេសៈនេះជំងឺកូវីដ១៩គឹជាបញ្ហាចម្បង ។ ហើយសម្រាប់ស្ត្រីដែលទៅចាក់វ៉ាក់សាំងដូស ទី១រួចរាល់ បន្ទាប់មកទើបដឹងថាខ្លួនមានផ្ទៃពោះ គឺបើតាមការសិក្សារបស់អ្នកបច្ចេក ទេស ឃើញថា ដោយសារមិនទាន់មានការប៉ះពាល់ទៅ ដល់ទារកនៅឡើយទេរហូតមកដល់ពេលនេះ ដូច្នេះគួរតែបន្តរក្សាទារកនៅក្នុងផ្ទៃនិងទៅទទួលវ៉ាក់សាំងដូសទី២ ធម្មតាដោយត្រូវពិភាក្សានិងតាមដានសុខភាពទារកក្នុងផ្ទៃជាប្រចាំជាមួយគ្រូពេទ្យសម្ភធ ។ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលមានផ្ទៃពោះ ហើយមានបំណងទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារខ្លួនត្រូវចេញក្រៅប្រកបរបររកស៊ី និងរស់នៅក្នុងតំបន់ហានិភ័យខ្ពស់នោះ ដូច្នេះក្រុមគ្រូពេទ្យលើកចិត្ត គួរតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការសម្រេចចិត្តរបស់សាម៉ីខ្លួន ៕
Comments