វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា បានគាំទ្រនូវសំណើសេចក្តីព្រាងច្បាប់ចំនួន៤របស់រាជរដ្ឋាភិបាលចំពោះការធានាទូទាត់លើគម្រោងវិនិយោគវិស័យថាមពលអគ្គិសនី ដែលមានតម្លៃសរុបជិត១ពាន់លានដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ ដែលត្រូវបានព្រឹទ្ធសភាអនុម័ត ក្រោយ ពីបានពិភាក្សានិងឱ្យយោបល់ ក្រោមការដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ មានដូចជា ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុម ហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ ស្យុង៥០០គីឡូវ៉ុល ពីខេត្ត បាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ, ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ, ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម, និងការ ធានាទូទាត់របស់រាជរដ្ឋាភិ បាលកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។
គម្រោងវិនិយោគចំនួន៣ ក្រៅពីការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម គឺស្ថិតក្នុងរូបភាពសាងសង់ អាជីវកម្ម ផ្ទេរ(BOT) ក្នុងទុនសរុបជិត១.០០០លានដុល្លារអាមេរិក ក្នុងនោះគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង មានតម្លៃជាង ៣៨៩លានដុល្លារ ក្នុងរយៈ ពេលសម្បទាន៣៩ ឆ្នាំ។ ចំណែក គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ មានតម្លៃសរុបជាង ១១០លានដុលារ ក្នុងរយៈ ពេលសម្បទាន២៧ឆ្នាំ ខណៈគម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ មានទុនសរុបជាង៣៣០លានដុល្លារ ក្នុងរយៈពេលសម្បទាន ២៨ឆ្នាំ។
តាមការឱ្យដឹងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គម្រោងវិនិយោគទាំង៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើកិច្ចសន្យាធានាការទូទាត់ឱ្យទៅក្រុមហ៊ុនវិនិយោគ ក្នុងករណីអគ្គិសនីកម្ពុជាមិនទទួលទិញថាមពលអគ្គិសនីក្រោយពីផលិតបាន ការបញ្ចប់គម្រោងវិនិយោគ ឬ ប្រធានសក្តិណាមួយផ្នែកនយោបាយដែលរាំងស្ទះដល់ការអភិវឌ្ឍ ក្នុងរយៈពេលនៃការផ្តល់សិទ្ធិសម្បទាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនទីប្រឹក្សាមកពីប្រទេសជប៉ុន សហការជាមួយគណៈកម្មការអន្តរ ក្រសួង ដែលដឹកនាំដោយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សានិងរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងសម្រាប់រយៈពេលវែងពីឆ្នាំ២០២០ ដល់ឆ្នាំ២០៤០ ដើម្បីបំពេញឱ្យបានតាមតម្រូវការប្រើប្រាស់អគ្គិសនីផង និងក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដែលអាចធានាបានថា ការអភិវឌ្ឍវិស័យថាមពលស្ថិតក្នុងកម្រិតសមស្រប។
តាមការវិភាគ និងព្យាករណ៍របស់អ្នកជំនាញ ប្រសិនបើពុំមានអ្វីប្រែប្រួលទេ កំណើននៃសេចក្តីត្រូវការអគ្គិសនីនៅកម្ពុជា នឹងបន្តកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ មុននឹងថយចុះបន្តិចវិញមកក្បែរអត្រាកំណើនប្រហាក់ប្រហែលប្រទេសជិតខាង៕
Comments