ការប្រើបច្ចេកទេសកសិកម្មថ្មី កសិករដែលមានផ្ទៃដីតូច ក៏អាចចិញ្ចឹមកង្កែបឬត្រីបានដូចអ្នកមានដីធំដែរ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ស្រីណា

ត្បូងឃ្មុំ ៖ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ជំរុញឱ្យកសិករដែលមានផ្ទៃដីតូច អាចចាប់យកមុខរបរចិញ្ចឹមកង្កែប ឬ ចិញ្ចឹមត្រី បានដូចអ្នកដែលមានផ្ទៃដីធំទូលាយដែរ តាមរយ:បច្ចេកទេសកសិកម្មថ្មី ដោយចិញ្ចឹមក្នុងអាង ឬ ប្លាស្ទិក ដែលងាយស្រួលថែទាំ ឆាប់ទទួលបានផល និងរកប្រាក់ចំណេញបានច្រើន ដែលជួយលើកកម្ពស់ជីវភាពគ្រួសារបានមួយកម្រិត។

លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា  មន្ទីរបានពាំនាំនូវបច្ចេកទេសកសិ កម្មថ្មីៗក្នុងការបង្រៀនដល់ប្រជាកសិករឱ្យមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការចិញ្ចឹមត្រីឬកង្កែប ដើម្បីកសិករទទួលបានបទពិសោធន៍ថ្មីៗទំនើបនឹងអាចផលិតបានគ្រប់រដូវកាល។  លោកបានបន្តថា បច្ចុប្បន្ននេះប្រជាកសិករមួយ ចំនួនក្នុងខេត្តត្បូងឃ្មុំ បានចាប់យករបរចិញ្ចឹមកង្កែប ឬ ក៏ត្រីជាកសិដ្ឋានគ្រួសារដោយចិញ្ចឹមក្នុងថង់ប្លាស្ទិក ឬក៏អាងទឹកដែលចំណាយផ្ទៃដីតិច  ស្រួលថែទាំ បង្កាត់ពូជបានជាហូរហែ ចំណាយថវិកាតិច ចំណេញច្រើន ពិសេសប្រើរយ:ពេលតែជាង២ខែប៉ុណ្ណោះ អាចចាប់លក់បាន។

photo_2021-07-02_12-22-45 (4)
សំឡេង:«ទាក់ទងនឹងការជំរុញនេះ យើងមានជាលក្ខណៈគ្រួសារនៅក្នុងខេត្តត្បូងឃ្មុំជាពិសេសយើងបានពាំនាំបច្ចេកទេសថ្មីនេះគឺកសិករកុំគិតថាទាល់តែមានផ្ទៃដីធំទើបអាចចិញ្ចឹមកង្កែបចិញ្ចឹមត្រីនេះបានគឺថាយើងអាចចិញ្ចឹមនៅក្នុងតង់ក្នុងអាងផ្លាស្ទិកដែលយើងប្រើផ្ទៃដីតូចៗនៅកៀនផ្ទះកៀនរបងក៏យើងអាចចិញ្ចឹមត្រីបានរាប់រយគីឡូអាចឈានទៅ ដល់តោនក៏បាន»។

photo_2021-07-02_12-22-45 (2)
  លោក ស៊ិន ដាម៉ា ជាកសិករចិញ្ចឹមកង្កែបជាលក្ខណៈកសិដ្ឋានគ្រួសារនៅភូមិវិហារខ្ពស់ សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានប្រកបមុខរបរចិញ្ចឹមកង្កែបនេះអស់រយៈពេល ២ ឆ្នាំមកហើយ ដោយការចិញ្ចឹមអនុវត្តទៅតាមបច្ចេកទេសកសិកម្មថ្មីមានលក្ខណៈងាយស្រួលដោយចំណាយកម្លាំងតិច ចំណេញគួរសម ទោះបីមានដីតិចតួចក៏ដោយ។ 
    លោកបានអះអាងថា ការចិញ្ចឹមក្នុងអាងទឹកឬក៏ថង់ផ្លាស្ទិចដែលមានទំហំល្មមប្រហែលជាង ២ម៉ែត្រក៏ទទួលបានផលល្អដែរ ឱ្យតែអនុវត្តទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ គឺទទួលបានទិន្នផលច្រើនដែលអាចរកចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារដូចជាផ្គត់ផ្គង់ការសិក្សារបស់កូនជាដើម។
     លោកបន្តថា ការចិញឹមកង្កែបមានអត្ថប្រយោជន៍ច្រើនមិនត្រឹមអាចហូបខ្លួនឯងនិងលក់នោះទេ តែលាមកកង្កែបមានជីជាតិច្រើនដែលអាចបង្ហូរស្រោចដំណាំផ្សេងៗឱ្យលូតលាស់បានយ៉ាងល្អផងដែរ។

photo_2021-07-02_12-22-45
សំឡេង៖« ជំងឺកូវីដ-១៩ រាតត្បាតទូទាំងសកលលោកដូច្នោះ យើងមិនអាចឈានទៅណាបានឆ្ងាយហើយម្យ៉ាងទៀតពេលប៉ះពាល់ច្រើនដល់សេដ្ឋកិច្ច អ៊ីចឹងយើងនៅផ្ទះយើងអាចចិញ្ចឹមកង្កែបនេះបាន ដើម្បីយកកម្រៃផ្សេងៗមកទៀត ហើយអាចយក លាមកកង្កែបនេះទៅបង្ហូរចូលចម្ការអាចមានជីច្រើនធ្វើឱ្យដំណាំល្អណាស់»។
    សូមបញ្ជាក់ថា កន្លងមកមន្ទីរកសិកខេត្តត្បូងឃ្មុំបានចុះបណ្តុះបណ្តាលដល់កសិករនៅតាមមូលដ្ឋានពីបច្ចេកទេសបង្កាត់កូនកង្កែប និងវិធីសាស្រ្តឱ្យកង្កែបឆាប់ធំនិងស្របតាមស្តង់ដារទីផ្សារ៕

Comments

Related posts