ប្រព័ន្ធធារាសាស្រ្តបុរាណចំនួន២ខ្សែត្រូវបានអាជ្ញាធរជាតិអប្សរា ស្តារឡើងវិញ

វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ 

សៀមរាប ៖ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការងារស្តារប្រឡាយបុរាណចំនួន២ខ្សែ មានប្រវែងជាង៣គីឡូម៉ែត្រ ដើម្បីបញ្ជៀសទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប  ព្រមទាំងលើក កម្ពស់តម្លៃប្រាសាទបុរាណ។
    លោកភឿន សុឃីម អនុ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាន ឱ្យដឹងថា ខេត្តសៀមរាបមានប្រព័ន្ធប្រឡាយពីបុរាណជា ច្រើនខ្សែ ក្នុងនោះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការ គ្រប់គ្រងទឹក ក៏ដូចជាការបញ្ជៀសទឹកជំនន់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាបនារដូវវស្សា រួមទំាងការរក្សាទឹកសម្រាប់ការអភិរក្សប្រាសាទ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក បាននិងកំពុងធ្វើការស្តារឡើង វិញ នូវប្រព័ន្ធប្រឡាយបុរាណចំនួន២ខ្សែ ដែលមានប្រវែងសរុប ៣,៣០០ម៉ែត្រ។

photo_2021-07-02_12-29-06
   លោកបន្តថា ការងារស្តារនេះ បានចាប់ផ្តើមឡើងក្នុងខែឧសភា ឆ្នាំ២០២១គ្រោងនឹងបញ្ចប់ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១នេះ។លោកបន្តថា ប្រព័ន្ធប្រឡាយដែលបាននិងកំពុងស្ដារនេះ រួមមាន ខ្សែទី១ មានប្រវែង២០០០ម៉ែត្រ  ស្ថិតនៅផ្នែកខាងលិចស្ទឹងសៀមរាប ដែលមានទីតាំងចាប់ពីភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ រហូតដល់ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។  ខ្សែទី២ ផ្នែកខាងកើតស្ទឹងសៀមរាប មានប្រវែង១៣០០ម៉ែត្រ  ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ 

photo_2021-07-02_12-39-23 (2)
សំឡេង៖"យើងបានស្តារ ប្រព័ន្ធនេះឡើងវិញចាប់ពីឆ្នាំ២០១២មកមួយចំនួនបានជួយរំដោះទឹកឈប់លិចក្រុង ហើយមានការថែទាំតាំងពីឆ្នាំ ២០១២រហូតមក អ៊ីចឹងប្រព័ន្ធធារាសាស្ត្រវាធំ យើងត្រូវការស្តារ និងថែទាំជាប្រចាំ អ៊ីចឹងប្រឡាយពីរខ្សែនេះស្ថិតនៅក្នុងប្រព័ន្ធធារាសាស្ត្រពីបុរាណដែរ យើងចាប់ផ្តើមស្តារប្រវែង៣គីឡូម៉ែត្រហ្នឹង ពីរគីឡូម៉ែត្រចេញពីប៉ែកខាងលិចស្ទឹងក្នុងឃុំលាងដៃ ទៅដល់សង្កាត់គោកចក ក្រុងសៀមរាបហើយ១៣០០ម៉ែត្រទៀតប៉ែកខាងកើតស្ទឹងធ្លាក់ទៅទំនប់ទឹកតានាវ ក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី សំខាន់ដើម្បីការពារតំបន់អង្គរនិងក្រុងសៀមរាប ពីគ្រោះទឹកជំនន់ បញ្ជៀសតាមប្រឡាយបុរាណធ្លាក់ទៅបឹងទន្លេសាប មួយចំនួនទៀតយើងទុកទឹកហ្នឹងសម្រាប់ទៅអភិរក្សប្រាសាទ ដូចជាបំពេញទឹកនៅក្នុងបារាយណ៍ខាងជើង កសិន្ធុអង្គរវត្ត កសិន្ធុអង្គរធំ បារាយណ៍ខាងលិច និងអាងស្តុងនានាក្នុងតំបន់"។
   សូមជម្រាបផងដែរថា ប្រឡាយទាំង២ខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃប្រឡាយរំដោះទឹកជំនន់ពីស្ទឹងសៀមរាប ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងរលួស ហើយក៏ជាប្រឡាយនាំទឹកដ៏សំខាន់ ចូលទៅក្នុងកសិន្ធុប្រាសាទអង្គរធំ អង្គរវត្ត  បារាយណ៍ខាងជើង  បារាយណ៍ខាងលិច និងអាងស្តុកទឹកនានាក្នុងតំបន់អង្គរ  អាងស្តុកទឹកភ្នំបូកផងដែរ។ លើសពីនេះទៅទៀត ការងារស្តាប្រឡាយខាងលើនេះ ក៏ផ្តល់ជាប្រយោជន៍ក្នុងការរក្សាទឹកសម្រាប់ការអភិរក្សប្រាសាទ  ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពផងដែរ៕

Comments

Related posts