វិទ្យុជាតិកម្ពុជា ៖ លោក ចេម ហួត
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា៖ «ប្រទេសកម្ពុជា ទទួលរងការឆ្លងវីរុសនេះ ដោយរកឃើញលើអ្នកដំណើរចូលមកកម្ពុជា ជាពិសេសគឺពលករវិលត្រឡប់មកពីប្រទេសថៃនេះតែម្តង ។ ថៃមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ រួចមកពលករក៏បានធ្វើដំណើរជាបន្តបន្ទាប់វិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា រហូតដល់បច្ចុប្បន្ននេះ»។
ការលើកឡើងបែបនេះបន្ទាប់ពីមានការផ្សព្វផ្សាយថា «វីរុសកូវីដ១៩ បំប្លែងខ្លួនឈ្មោះ អាល់ហ្វា ឆ្លងពីកម្ពុជាទៅថៃ»។ អាល់ហ្វា (Alpha) គឺជាវីរុសបំប្លែងខ្លួនថ្មីប្រភេទ (B.1.1.7) ដែលមានប្រភពមកពីចក្រភពអង់គ្លេស ហើយដែលត្រូវបានដាក់ឈ្មោះដោយអង្គការសុខភាពពិភពលោក។
យ៉ាងណាក៏ដោយ លោកជំទាវបានបន្ថែមថា យើងមិនត្រូវចោទប្រកាន់ថាមកពីខាងណាៗនោះឡើយ សំខាន់ចរាចររបស់វីរុសកូវីដ-១៩នេះ គឺទៅមកៗដោយទូលំទូលាយ ដោយគ្មានប៉ាស្ព័រ និងគ្មានព្រំដែនទេ ហើយយើងត្រូវរួបរួមគ្នាទប់ស្កាត់ការចម្លងទៅមកនេះ ជាពិសេសពីបុគ្គល ម្នាក់ទៅម្នាក់ កុំឱ្យការចម្លងនេះ មានដំណើរឆ្ពោះទៅរកហួសបន្ទាត់ក្រហមឱ្យសោះ។
លោកជំទាវសំណូមពរឱ្យបុគ្គលគ្រប់រូប ចាប់ផ្តើមធ្វើសកម្មភាពការពារខ្លួនរៀងៗខ្លួន ហើយ បុគ្គលវ័យកណ្តាល និងយុវវ័យ មិនត្រូវនាំវីរុសកូវីដ-១៩ ចូលផ្ទះ ចម្លងដល់ក្រុមគ្រួសារ ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួននោះឡើយ។
លោកជំទាវលើកឡើងថា៖ គ្រប់គ្នាត្រូវធ្វើសកម្មភាពការពារការចម្លងវីរុសនេះ រៀងៗខ្លួនឥឡូវនេះ ទើបយើងអាចទប់មិនឱ្យការចម្លងក្លាយទៅជាការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍ដែល នឹងបង្កការលំបាកខ្លាំងមែនទែន ដល់យើងទាំងអស់គ្នា ។ សុខចិត្តលំបាកនៅពេលនេះក្នុងរយ:ពេលខ្លី ជាជាងលំបាកនៅពេលក្រោយក្នុងរយ:ពេលយូរពេក ហើយសុខចិត្តលំបាកក្នុងពេលខ្លី ដើម្បីផលចំណេញក្នុងរយ:ពេលយូរ»៕
Comments