រកឃើញពលរដ្ឋជិត៦ម៉ឺនគ្រួសារ បន្ថែមទៀត ដែលជួបបញ្ហាជីវភាពក្នុងតំបន់បិទខ្ទប់ដំណាក់កាលទី២

 

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

 

ភ្នំពេញ៖ ក្រសួងផែនការ រកឃើញពលរដ្ឋជិត៦ម៉ឺនគ្រួសារបន្ថែមទៀត ដែលជួបបញ្ហាជីវភាពក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដព្រះសីហនុ នៃដំណាក់កាលទី២ ដើម្បីទទួល ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ពីរាជ រដ្ឋាភិបាលក្រោយពេលបិទខ្ទប់នេះ។

ឯកឧត្ដម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ មានប្រសាសន៍ថា ជាលទ្ធផលក្រសួងផែនការ បានរកឃើញអ្នកសម្ភាសន៍ជាប់ ដើម្បីទទួលប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ទាំង៣តំបន់ និងអ្នកជំងឺបានឆ្លង នឹងស្លាប់ បន្ថែមលើជុំទី១កំពុងបើកប្រាក់ មានចំនួនសរុបជាង ៥ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងប្រជាជនសរុបចំនួន ប្រមាណជាង ១៩ម៉ឺននាក់។

ឯកឧត្ដម បានបញ្ជាក់ថា ក្នុង២ដំណាក់កាលនេះ ក្រសួងបានរកឃើញអ្នកដែលរងគ្រោះក្រោយការបិទខ្ទប់ និងឆ្លងជំងឺកូវីដ១៩ និងស្លាប់ដោយសារជំងឺនេះ មានចំនួនសរុបទាំង២លើក ប្រមាណ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណ៤០ម៉ឺននាក់។

ឯកឧត្ដមបញ្ជាក់ថា ក្នុងការសម្ភាសន៍ពលរដ្ឋដែលមានបញ្ហាជីវភាពក្នុងអំឡុងពេលបិទខ្ទប់ដំណាក់កាលទី២នេះ ក្រសួងបានចាប់ផ្តើមពីថ្ងៃទី១៨ខែមិថុនា ដោយប្រើប្រាស់អ្នកសម្ភាសន៍ ប្រមាណ១២០០នាក់ ដោយសារ លើកទី២នេះមានអ្នកដាក់ពាក្យស្នើសុំច្រើនជាងលើកទី១៕

Comments

Related posts