កសិករខេត្តសៀមរាប ការដាំដំណាំស្លឹកគូឆាយនៅលើរានបានផ្តល់ផលល្អ និងងាយស្រួល

វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ 
សៀមរាប ៖ កសិករដាំស្លឹកគូឆាយលក់មួយរូបនៅស្រុកប្រាសាទបាគងខេត្តសៀមរាបបានសម្រេចចិត្តជ្រើសរើសការដាំដុះដំណាំនេះលើរានឬធ្នើរ ព្រោះមានភាពងាយ ស្រួលជាងការដាំនៅលើដីទាំងការថែទាំហើយទិន្នផលច្រើន។

photo_2021-07-06_14-15-53
     អ្នកស្រី ចាន់ ឌី រស់នៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថា អ្នកស្រីបានចាប់យកមុខរបរដាំស្លឹកគូឆាយលក់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ដោយជ្រើសរើសការដាំលើរានឬធ្នើរ ព្រោះវិធីនេះមានភាពងាយស្រួលក្នុងការដាំ ការថែ ទាំ និងចៀសពីជំងឺផ្សេងៗ ជាងការដាំនៅលើដី។
        អ្នកស្រីបន្តថា សព្វថ្ងៃគ្រួសារអ្នកស្រីពឹងអាស្រ័យទាំងស្រុងលើមុខរបរដាំបន្លែលក់ ដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ ដោយក្នុងមួយខែអាចទទួលបានប្រាក់ចំណូលចាប់ ពី៤០ម៉ឺនរៀលរហូតដល់ ១ លាន៥សែនរៀល ពីមុខរបរដាំស្លឹកគូឆាយលក់ទៅតាមរដូវកាលនៃតម្លៃទីផ្សារ។  

photo_2021-07-06_14-15-55 (2)
     អ្នកស្រីបន្តទៀតថា ទោះបីតម្លៃទីផ្សារលក់ចេញស្លឹកគូឆាយសព្វថ្ងៃ មិនសូវទទួលបានតម្លៃខ្ពស់ តែការលក់ចេញមិនមានការលំបាកឡើយ ព្រោះតែចំនួនអ្នកដាំ មានតិច ដូច្នេះអត្រាបញ្ជាទិញមានច្រើនដោយក្នុងមួយថ្ងៃអាចលក់ចេញស្លឹកគូឆាយចន្លោះពី១០ទៅ២០គីឡូ ក្រាម។
សំឡេង៖”ដាំក្រោមវាមិនសូវកើត វាសំបូរស្មៅនិងសត្វជន្លេនវាឆាប់ពូនគល់ អត់ងាយកើត បើយើងដាំលើនេះវាផុត ល្ហើយក្រោមល្អជាងយើងដាំលើដី ស្មៅដកតែម្តងរួច ដាំលើដីងាកដកស្មៅៗ បើយើងទើបនឹងដាំអាចពីរខែទើបបានកាត់ បើដាំចាស់អ៊ីចឹងហើយមួយខែកាត់ម្តង បើខែថ្លៃក្នុងមួយខែយើងអាចបានមួយលានកន្លះអីដែរ បើសព្វថ្ងៃគូឆាយថោក មួយខែបាន៣០ទៅ៤០ម៉ឺន សព្វ ថ្ងៃមួយគីឡូ៤០០០រៀល មួយថ្ងៃកាត់បាន១០ទៅ២០ គីឡូក្រាម សព្វថ្ងៃងាយស្រួលគ្រាន់អត់សូវមានអ្នកដាំ វាខូច ដាំអត់ងាយកើតខ្លះណាគេឈប់ដាំ”។

photo_2021-07-06_14-15-56 (2)
    សូមជម្រាបថា ស្លឹកគូឆាយជាបន្លែដ៏ពេញនិយមមួយ សម្រាប់យកទៅធ្វើជាម្ហូបដ៏មានឱជារស់ឆ្ងាញ់ពិសា ជាពិសេសគឺយកទៅចៀនលាយជាមួយម្សៅនំ មានឈ្មោះថា នំគូឆាយ ដែលគេនិយមចូលចិត្តទទួលទាន  មិនតែប៉ុណ្ណោះទេ វាត្រូវបានគេយកទៅឆាជាមួយសណ្តែកបណ្តុះ បន្លែជាមួយ នំបញ្ចុកស្រុះ ហើយវាក៏ត្រូវបានគេរកឃើញថា ជាបន្លែដែលមានប្រយោជន៍នៅក្នុងការទទួលទានដើម្បីជំនួយសុខភាពផងដែរ៕

Comments

Related posts