ឧបករណ៍តេស្តរហ័សប្រមាណ ៨០ម៉ឺនសម្រាប់ ត្រៀមផ្គត់ផ្គង់តាមតម្រូវការបញ្ជាទិញ

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា 

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានត្រៀមឧបករណ៍តេស្ត រហ័សប្រមាណ ៨០ម៉ឺនសម្រាប់ ដើម្បីផ្គត់ផ្គង់តាមតម្រូវការអ្នកបញ្ជាទិញ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗនេះ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថាក្នុងរយៈពេល៥ថ្ងៃមកនេះក្រសួង បានទទួលការបញ្ជាទិញ ពីបណ្តាក្រុមហ៊ុន ស្ថាប័ន ចំនួន១៤០៥ ដែលគិតជាឧបករណ៍ប្រមាណ៤០ម៉ឺនសម្រាប់ ខណៈដែលមានបណ្តាក្រុមហ៊ុន ស្ថាប័ន ទទួលបានឧបករណ៍តេស្តរហ័សនេះចំនួន ១០៥,០០០ ឧបករណ៍រួចទៅហើយ ។

photo_2021-07-06_15-41-07
ឯកឧត្តមបន្តថា ជាការបំពេញតម្រូវការតាមការងារជាក់ស្តែង ក្រសួងបានដាក់ការបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ប្រមាណ៨០ម៉ឺន បន្ថែមទៀត សម្រាប់ការផ្គត់ផ្គង់រយៈពេល២សប្តាហ៍ ខណៈដែលឧបករណ៍នេះកំពុងតែមកជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ដំណើរការនៃការប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩ ។
សំឡេង៖ «តាមសន្ទុះនៃតម្រូវការមួយឬពីរសប្តាហ៍ទៅមុខទៀត យ៉ាងតិចក៏រង្វង់៨០ ម៉ឺនតេស្តផងដែរ ដែលយើងត្រូវបម្រុង ដើម្បីផ្គត់ផ្គង់តាមតម្រូវ ការទាំងអស់នេះ ដោយហេតុថា រោងចក្រនេះគឺទទួលការបញ្ជាទិញទូទាំងពិភពលោក ដូច្នេះនៅពេលដែលយើងដាក់ សំណើបញ្ជាទិញទៅ គេមិនទាន់អាចឆ្លើយតបបានភ្លាមៗនោះទេ បើទោះបីជាយើងមានលុយបង់ឱ្យគេហើយក៏ដោយគឺត្រូវរង់ចាំតាមលំដាប់អាទិភាពនៃការបញ្ជាទិញ "។ 

photo_2021-07-06_15-41-06
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ខែកក្កដា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួង នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េខាងត្បូង ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ ៕

Comments

Related posts