វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ទិន្នន័យពីរដ្ឋាភិបាលក្រុងបានបង្ហាញថាៈទីក្រុងប៉េកាំងរបស់ប្រទេសចិនបានចាក់វ៉ាក់សាំងជិត ៩១ ភាគរយនៃប្រជាជនពេញវ័យ របស់ខ្លួនដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។
អាជ្ញាធរក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល ១៧លាន៧សែននាក់ឬស្មើនិង ៩០,៨ ភាគរយ នៃប្រជាជន ពេញវ័យនៅក្នុងទីក្រុងប៉េកាំង បានទទួលការចាក់វ៉ាក់សាំងបើគិតត្រឹមថ្ងៃទី ២១ ខែកក្កដានេះ។
ចំនួននេះមានប្រហែល ៨០,៨ ភាគរយនៃប្រជាជនសរុបរបស់ខ្លួនដែលមាន ២១លាន៩សែននាក់។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ការចាក់ថ្នាំបង្ការបានពេញលេញរបស់មនុស្សពេញវ័យនៅក្នុងទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសចិន ក៏មានសន្ទុះកើនឡើងផងដែរ ដោយទីក្រុងស៊ាងហៃនិងវូហានបានលើស ៨០ ភាគរយនិង ៧៧ ភាគរយ។
ប្រទេសចិនបាននិយាយថាៈខ្លួនបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ចំនួន ១,៤៩ ពាន់លានដូសគិតត្រឹមថ្ងៃទី ២១ ខែកក្កដា ប៉ុន្តែគេមិនបាន បង្ហាញពីទិន្នន័យទូទាំងប្រទេសអំពីចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញនោះទេ។ លោក Zeng Yixin អនុប្រធានគណៈកម្មការ សុខភាពជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua កាលពីខែមុនថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ៧០ ភាគរយនៃក្រុមគោលដៅនៅចុងឆ្នាំនេះ ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលំអិតអំពីក្រុមទាំងនោះទេ។
ខេត្តសាន់ស៊ីបាននិយាយថា ខ្លួនមានគោលបំណងដើម្បីទទួលបានអត្រាចាក់វ៉ាក់សាំងយ៉ាងតិច ៩១,២ ភាគរយ សម្រាប់អ្នកដែលមានអាយុ លើសពី ១២ ឆ្នាំនៅពាក់កណ្តាលឆ្នាំនេះ៕
Comments