វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅប្រទេសម៉ាឡេស៊ីពេលនេះ មានអ្នកឆ្លងចំនួន ១ លានករណី បន្ទាប់ពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានរាយការណ៍នូវករណីថ្មីចំនួន ១៧,០៤៥ ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។
ចំនួនអ្នកឆ្លងសរុបរបស់ប្រទេសម៉ាឡេស៊ីពេលនេះមានចំនួន ១,០១៣,៤៣៨ នាក់។ ចំនួនអ្នកឆ្លងនៅ Selangor មាន៨,៥០០ ករណី និងនៅគូឡាឡាំពួរមានចំនួន ២,០៤៥ ករណី ហើយក៏មានករណីថ្មីចំនួន ១,២១៦ ករណីនៅ Kedah និង ៩៥០ ករណីឆ្លងថ្មីនៅ Johor។
ក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បានជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩ និង វីរុស Delta។ ចំនួនអ្នកជំងឺធ្ងន់ធ្ងរ បានកើនឡើងកាលពីសប្តាហ៍មុន ហើយបច្ចុប្បន្នមានចំនួន ៩៧០ ករណីកំពុងតែត្រូវការថែទាំដោយយកចិត្តទុកដាក់ ហើយចំនួន ៥០១ ករណីកំពុងតែត្រូវការជំនួយផ្លូវដង្ហើម។ ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យបានប្រកាសថា មានអ្នកស្លាប់ចំនួន ៩២ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅម៉ាឡេស៊ីកើនឡើងសរុបដល់ទៅចំនួន ៧,៩៩៤ នាក់។ ចំនួនអ្នកជាសះស្បើយសរុបមាន ៨៤៤,៥៤១ នាក់។
កាលពីថ្ងៃសៅរ៍លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បាននិយាយថា ប្រទេសនេះអាចបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន សម្រាប់ ប្រជាជន ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួមទាំងការអនុញ្ញាតឱ្យពួកគេទៅទទួលទានអាហារនៅតាមភោជនីយដ្ឋានបាន។ អ្នកចាក់វ៉ាក់សាំងពេញលេញក៏អាចចូលរួមក្នុងសកម្មភាពសង្គមនិងកីឡាដែរ។ ការធ្វើដំណើរអន្តររដ្ឋក៏ត្រូវបានអនុញ្ញាត សម្រាប់ គូស្វាមីភរិយា ដែលរស់នៅនិងធ្វើការដាច់ដោយឡែកពីគ្នា៕
Comments