វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៨ ២០២១
ផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រក្រុងកំពត ដល់ព្រំដែនកម្ពុជា វៀតណាម ប្រវែងសរុបជាង៥២គីឡូម៉ែត្រ នឹងត្រូវលើកគុណភាពឡើងវិញ ក្រោមកម្ចីហិរញ្ញប្បទានពីប្រទេសចិន ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទ្រទម្ងន់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។
តាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អផ្លូវជាតិមួយខ្សែនេះ បាននិងកំពុងពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងទាក់ទងនឹងផលប៉ះពាល់និងដំណោះស្រាយ និងដំណាក់កាលសាងសង់ មុន ពេលបិទបញ្ចប់ការសិក្សាលម្អិត ដើម្បីធ្វើការដោះស្រាយចំគោលដៅទាន់ពេលវេលា និងធ្វើឱ្យផ្លូវថ្នល់ទទួលបានគុណភាពត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស។ ឯកឧត្តម មានប្រសាសន៍ថា ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិត២ ហើយគម្រោងនៃការសាងសង់ នឹងត្រូវការរយៈពេលសរុប២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន។
ផ្លូវជាតិលេខ៣៣ បានសាងសង់ និងដាក់ឱ្យប្រើប្រាស់នៅខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវ បានរងការខូចខាតដោយកន្លែង ដោយសារការដឹកលើសកម្រិត និងគ្រោះធម្មជាតិ។បច្ចុប្បន្ន កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងពង្រីកទទឹងតួផ្លូវ១២ម៉ែត្រ និង១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ ដើម្បី សម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
Comments