មណ្ឌលប្រឡងយកបណ្ណបើកបរនៅរាជធានីភ្នំពេញ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ក្រោយពីបានផ្អាករយៈពេល៥ខែ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា មណ្ឌលប្រឡងយកបណ្ណបើកបរ ( ទ្រឹស្តី និងដៃចង្កូត) នៅរាជធានីភ្នំពេញ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ   ក្រោយពីបានផ្អាករយៈពេល៥ខែ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន របស់ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា មណ្ឌលប្រឡងយកបណ្ណបើកបរបានផ្អាកដំណើរការតាំងពីខែមីនាមក ហើយរហូតមកដល់ពេលនេះ មានរយៈពេលជាង៥ខែមកហើយ ប៉ុន្តែដោយសារតែមើលឃើញពីភាពចាំបាច់របស់អ្នកបើរបរនៅលើដងផ្លូវ បានឆ្លងកាត់ការប្រឡងយកបណ្ណបើកបរត្រឹមត្រូវ មុន នឹងបើកបរនៅលើដងផ្លូវ  គឺក្រសួងសម្រេចបើកដំណើរការឡើងវិញ ដោយអនុវត្តតាមវិធានការសុខាភិបាល ដោយអនុញ្ញាតឱ្យចូលប្រឡង១ដង ត្រឹមតែ១០ទៅ១៥នាក់ប៉ុណ្ណោះ ដើម្បីបង្ការការចម្លងនៃវីរុសកូវី១៩។ ឯកឧត្តមបន្តថា ការសម្រេចបើកដំណើរឡើងវិញនេះ គឺធ្វើឡើងនៅមន្ទីរសាធារណ ការនិង ដឹកជញ្ជូនរាជធានីភ្នំពេញព្រែកលៀប។ ដូច្នោះ ឯកឧត្តម សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់បើកបរ នៅលើដងផ្លូវ ចាំបាច់ត្រូវតែប្រឡងយកបណ្ណបើកបរជាមុនសិន មុននឹងឈានទៅបើកបរ នៅលើដងផ្លូវ។

photo_2021-08-25_12-13-41 (2)
សំឡេង៖ «អ៊ីចឹងទាក់ទងនឹងបងប្អូនប្រជាពលរដ្ឋយើង អាចទៅទទួលសេវាប្រឡងយកបណ្ណបើកបរឡើងវិញ គឺនៅមន្ទីរសាធារណការដឹកជញ្ជូនព្រែកលៀប។ ហើយនៅក្នុងយុទ្ធការនេះ ទោះបីយើងឱ្យរៀបចំឡើងវិញ គឺដោយសារតែមានសេវាចាំបាច់សម្រាប់បងប្អូនយើងត្រូវការប្រចាំថ្ងៃ ដើម្បីមានវិធានការទាក់ទងនឹងយន្តការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ហើយពីមុនយើងមួយបន្ទប់ពី២៥ទៅ៣០នាក់ ប៉ុន្តែឥឡូវ តែ១០នាក់អីទេ ដែលយើងមានរក្សាគម្លាត យើងបាញ់អាល់កុល លាងដៃ និងវាស់កម្ដៅ ហើយប្រសិនបើអ្នកណាសង្ស័យ យើងអាចមានតេស្តរហ័សទៀត ដើម្បីណែនាំឱ្យបងប្អូនយើងប្រុងប្រយ័ត្នទាំងអស់គ្នា។  ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋដែល ប្រើប្រាស់ផ្លូវត្រូវតែមានបណ្ណបើកបរ ត្រឹមត្រូវតាមប្រភេទយាន។ អ៊ីចឹងបងប្អូនត្រូវតែមកប្រឡងទាំងអស់គ្នា ត្រូវបានបើកបរទាំងអស់គ្នាមុននឹងចរាចរណ៍នៅលើដងផ្លូវ»។

photo_2021-08-25_12-13-41
ឯកឧត្តមបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានបំណងប្រឡងយកបណ្ណបើកបររថយន្តធុនធំ ចាប់ពីប្រភេទ គនិងឃឡើងទៅ គឺតម្រូវឱ្យចូលរៀន នៅសាលារៀនបើកបរជាមុន ហើយត្រូវមានបញ្ជាក់វិញ្ញាបនបត្រ បញ្ចប់ការសិក្សាពីសាលានីមួយៗ ទើបអាចដាក់ពាក្យស្នើសុំប្រឡងបាន។  ប៉ុន្តែសម្រាប់ ប្រជាពលរដ្ឋដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទធុនតូច មានប្រភេទកនិងខមិនចាំបាច់ បញ្ជាក់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់ការសិក្សានោះទេ គឺអាចមក ដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរតែម្ដង៕

Comments

Related posts