ប្រទេសចិនក្លាយជាប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម នៅលើពិភពលោក

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវិន
អន្តរជាតិ ៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នប្រទេសចិនបានក្លាយជាប្រទេសធំទីមួយផ្នែកពាណិជ្ជកម្មនិងជាទីផ្សារធំទីពីរនៅលើពិភពលោក។នៅឆ្នាំ២០២០ ទំហំទឹកប្រាក់សរុបនៃការលក់រាយសម្ភារប្រើប្រាស់របស់ចិនបានឡើងដល់៣៩.២ទ្រីលានយន់ប្រាក់ចិនការប្រើប្រាស់គឺជាកម្លាំងចលករទីមួយនៃកំណើនសេដ្ឋកិច្ចរបស់ចិនជាច្រើនឆ្នាំជាប់ៗគ្នា។តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ទីផ្សារប្រទេសចិនដែលមានចំនួនប្រជាជនរហូតដល់ទៅ ១,៤០០ លាននាក់ គឺមានសក្តានុពលនៃការប្រើប្រាស់ដ៏ធំដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្តាពាណិជ្ជករនិងវិនិយោគិននៃប្រទេសនានាលើពិភពលោក ហើយបានក្លាយជាគោលដៅវិនិយោគនិងពាណិជ្ជកម្មដ៏ធំបំផុតមួយ ។
គោលនយោបាយកំណែទម្រង់និងបើកទូលាយ ទីផ្សារប្រទេសចិនបានបើកទ្វារកាន់តែធំឡើងៗចំពោះប្រទេសជាមិត្តទាំងអស់និងធ្វើពាណិជ្ជកម្មដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ ។ ទាំងនេះ បញ្ជាក់ថាស្ទើរតែប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមកមិនថាតិចឬច្រើននោះទេ ។

photo_2021-08-26_16-11-27
ប្រធានាធិបតីចិនឯកឧត្តម ស៊ី ជីនភីង បានថ្លែងថាប្រទេសចិនបើកទ្វារទូលាយនឹងមិនបិទជាដាច់ខាត ហើយកាន់តែបើកធំទូលាយឡើងជាលំដាប់ ។ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកមានការកើនឡើងជារៀងរាល់ឆ្នាំដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនប្រជាជនទូទាំងពិភពលោក ។ពិសេសចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងក្របខណ្ឌពិភពលោកមក ប្រទេសចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារសំខាន់នៃពហុភាគីនិយម ព្រមទាំងបាននាំមុខក្នុងការអនុវត្តនូវគោលនយោបាយពហុភាគីនិយម ដោយធ្វើកិច្ចសហប្រតិបត្តិការទាំងផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងផ្នែកពាណិជ្ជកម្មអន្តរជាតិ ។
ជាក់ស្ដែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនត្រូវបានចុះហត្ថលេខាដោយប្រទេសចិនជាមួយប្រទេសក្នុងតំបន់ជាដៃគូ ពិសេសគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកត្រូវបានរំពឹងទុកថានឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំសម្បើម ក៏ដូចជាជំរុញភាពជាដៃគូនៃប្រទេសហត្ថលេខីទាំងអស់ឲ្យកាន់តែស៊ីជម្រៅ សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងក្នុងតំបន់ និងពិភពលោក ។
   កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទទួលផលប្រយោជន៍ពីគោលនយោបាយពហុភាគី ពោលគឺគោលនយោបាយសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់ប្រទេសចិន ។ មិនថាជំនួយផ្នែកសេដ្ឋកិច្ចឬវេជ្ជសាស្ត្រ ឬមួយក៏ការបណ្តាក់ទុនរបស់ចិននៅកម្ពុជានោះទេ សុទ្ធសឹងតែបានផ្តល់នូវផលប្រយោជន៍ជូនប្រជាជនកម្ពុជា ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានពួតដៃគ្នាកាន់តែស្អិតល្មួតទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងការពង្រឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា«ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយរបស់សកលលោកនាពេលបច្ចុប្បន្ន ហើយជំនួយរបស់ប្រទេសចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍនិងធ្វើឲ្យកម្ពុជាងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេតែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ»។
    ប្រជាជនកម្ពុជានិងចិន ក៏ដូចជាពាណិជ្ជករនិងវិនិយោគិននៃប្រទេសទាំងពីរនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននាពេលខាងមុខទាំងនេះគឺជាការរួមចំណែកយ៉ាងធំធេងដល់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគីក៏ដូចជាការស្តារជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរក្រោយបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ៕

Comments

Related posts