ចិនសង្ឃឹមថា កម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតស៊ីហ្គេម ២០២៣ ខាងមុខ

 

វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត

        (ភ្នំពេញ) ៖ ឯកឧត្តម វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។IMG_20210915_070808_596

សូមជម្រាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Game) លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងពហុកីឡដ្ឋានជាតិដ៏ធំមួយ សម្រាប់ត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡានេះ ដោយបាន ប្រសិទ្ធនាមថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។ 

ឯកឧត្តម វ៉ាង យី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រជាជន និងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើន នៅក្នុង ពហុកីឡដ្ឋានជាតិនេះ ហើយក៏សង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣»។IMG_20210915_070811_015

គួរជម្រាបថា វិមានកីឡដ្ឋានដែលជាជំនួយរបស់ប្រទេសចិននេះ គឺត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១៦០ លានដុល្លារអាមេរិក និងចំណាយពេលសាងសង់ជាង ៤ ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ថ្ងៃបើកការដ្ឋានសាងសង់វិមានពហុកីឡាដ្ឋាននេះ គឺនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពោលគឺចំថ្ងៃខួបកំណើតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីតែម្ដង»៕IMG_20210915_070815_215

Comments

Related posts