ទីក្រុងបាងកកនឹងបើកឡើង វិញសម្រាប់អ្នកដំណើរអន្តរជាតិនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ ទីក្រុងបាងកកនឹងបើកដំណើរការឡើងវិញ សម្រាប់អ្នកដំណើរអន្តរជាតិនៅថ្ងៃទី ១៥ ខែតុលាខាងមុខ នៅពេលដែលប្រជាពលរដ្ឋរបស់ខ្លួន យ៉ាងហោចណាស់ ៧០% ត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងការពារ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា។ 
   ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីការពិភាក្សារវាងរដ្ឋមន្ត្រីទេសចរណ៍ និងកីឡា លោក Pipat Ratchakitprakan និងអភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា។ 

photo_2021-09-16_13-46-52
   យោងតាមរដ្ឋមន្រ្តី ប្រជាជនជាង ៧០% នៃទីក្រុងបាងកកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ប៉ុន្តែមានតែ ៣៧% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងទាំងពីរដូស ។ លោកបានបន្ថែមថា ៣៣%  ដែលនៅសល់នឹងត្រូវចាក់លើកទី២ នៅដើមខែតុលា។ 
    លោក Pipat បានមាន ប្រសាសន៍ថា “យើងមាន ទំនុកចិត្តថា នៅថ្ងៃទី១៥ ខែតុលា ទីក្រុងបាងកកនឹងអាចបើកដំណើរការឡើងវិញ ចំពោះភ្ញៀវទេសចរអន្តរជាតិ”។ កាលពីខែមិថុនា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា ប្រទេសថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងរយៈពេល ១២០ថ្ងៃ។ លោកក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗ ត្រូវបើកឡើងវិញឱ្យបានឆាប់ ប្រសិនបើពួកគេត្រៀមខ្លួនរួចហើយដោយបន្ថែមថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយគួរតែត្រូវបានលើកលែងការធ្វើចត្តាឡីស័ក។ 

photo_2021-09-16_13-46-52 (2)
 កាលពីថ្ងៃទី១ ខែកក្កដា កោះរមណីយដ្ឋានភូកេតបានបើកដំណើរការសម្រាប់ទេសចរណ៍អន្តរជាតិឡើងវិញ។ ក្រោមគំរូទេសចរណ៍ពិសោធន៍ហៅថា Phuket Sandbox អ្នកទេសចរមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កឡើយ បើពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសរបស់ពួកគេយ៉ាងហោចណាស់ ១៤ ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាននៅពេលមកដល់។ 
    ក្រៅពីទីក្រុងបាងកកនិងខេត្តមួយចំនួនទៀត ក៏គ្រោងនឹងស្វាគមន៍ការវិលត្រឡប់នៃទេសចរណ៍អន្តរជាតិនៅខែ ក្រោយនេះដែរ។ ខេត្តឈុនបូរី ខេត្តពេជ្របូរី ខេត្តប្រាយុបឃីរីខាន់ និងខេត្តឈៀងម៉ៃ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១ ខែតុលាផងដែរ៕

photo_2021-09-16_13-46-51

Comments

Related posts