វិទ្យុជាតិកម្ពុជា ៖ ហាន់ ស្រីណា ១៦.០៩.២១
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ថានភាពទឹកនៅស្រុកម៉ាឡៃ,ស្រុកថ្មពួក,និងស្រុកអូរជ្រៅ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ បានស្រកចុះជាបណ្តើៗហើយ ដោយទឹកបានហូរចូលយ៉ាងរហ័ស ទៅតាមព្រែក អូរ ប្រឡាយស្របពេលភ្លៀងឈប់បង្អុរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៏ថា ដោយសារអាកាសធាតុនៅខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ មានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ហើយបានហូរធ្លាក់ពីប្រទេសថៃផងនោះ ធ្វើឲ្យស្រុកចំនួន៣ ត្រូវលិចលង់ គឺ.ស្រុកម៉ាឡៃ,ស្រុកថ្មពួក,និងស្រុកអូរជ្រៅ ។ ឯកឧត្តមបន្តថា មកទល់នឹងពេលនេះ ស្ថានភាពទឹកមានភាពធូរស្រាលច្រើនហើយ ដោយសារមន្ទីរពាក់ព័ន្ធ បានកាយបង្ហូរប្រភពទឹកទាំងនោះ ឲ្យធ្លាក់ចុះទៅក្នុងប្រព័ន្ធធារាសាស្រ្តសំខាន់ៗ និងដោយភ្លៀងឈប់ធ្លាក់ផងនោះ ទើបធ្វើឲ្យជំនន់ទឹកភ្លៀងបានស្រកចុះជាបណ្តើរៗហើយ។ ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់អូរនិងមាត់ស្ទឹងនៅជាប់ព្រំដែនកម្ពុជាថៃ ឲ្យមានការប្រុងប្រយ័ត្ន ដើម្បីធានាបានសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សំឡេង ៖«ទឹកជំនន់នេះដែលដោយសារតែអាកាសធាតុនៅនឹងខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ហើយយើងនៅជាប់ព្រំប្រទល់ថៃអ៊ីចឹងទឹកស្រុងធ្លាក់ពីថៃមក ប៉ុន្តែងឥឡូវនេះស្ថានភាពទឹកបានធូរស្រាលច្រើនហើយ គ្រាន់តែកន្លងមកប៉ះពាល់បន្តិចនៅស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងស្រុកថ្មពួក ប៉ុន្តែងពេលនេះស្រកកំពុងធ្លាក់ចុះមកក្រោមមិនមានបញ្ហាអ្វីទេ ហើយនិយាយរួមភ្លាមៗ និងក្នុងនាមជាអាជ្ញាធរខេត្តបានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលាមិនមានបញ្ហាអីទេ»។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់មានហានិភ័យទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ មើលថែកូនតូចៗ កុំឲ្យ លេងទឹក ទុកដាក់វត្ថុមានតម្លៃនៅទីទួលសុវត្ថិភាព ពិសេសទំនាក់ទំនងមកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ បើមានករណីអាសន្នណាមួយ ៕
Comments