ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ឆ្លើយតបចំពោះការរិះគន់បញ្ហាសិទ្ធិមនុស្សដែលគ្មានហេតុផលត្រឹមត្រូវ របស់គណៈប្រតិភូបារាំងនិងអាមេរិក

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៦ ០៩ ២០២១

          ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវបានចេញបទអន្តរាគមន៍ឆ្លើយតបចំពោះការរិះគន់បញ្ហាសិទ្ធិមនុស្សដែលគ្មានហេតុផលត្រឹមត្រូវ របស់គណៈប្រតិភូ បារាំងនិងអាមេរិក ។

នាសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស គណៈប្រតិភូកម្ពុជាបានប្រើសិទ្ធិឆ្លើយតបរបស់ខ្លួន នៅក្នុង“កិច្ចពិភាក្សាទូទៅ លើរបៀបវារៈទី២” កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ក្នុងទីក្រុងហ្សឺណែវថា ការរិះគន់ប្រទេសណាមួយគឺជាសិទ្ធិរបស់គណៈប្រតិភូ គ្រប់រូប។ តែទោះបីយ៉ាងនេះក្តី ដើម្បីអាចឱ្យមានភាពជឿជាក់បាន ការរិះគន់ត្រូវតែផ្អែកលើហេតុផលត្រឹមត្រូវ មានតុល្យភាព មិនជ្រើសរើសតែមួយជ្រុង និងសមាមាត្រ។ 

ស្ថានបេសកកម្មអចិន្រ្តៃកម្ពុជា សូមលើកនូវសំណួរចំនួនបីទៅកាន់គណៈប្រតិភូដ៏ខ្ពង់ខ្ពស់នៃប្រទេសទាំងពីរខាងលើ ដូចជា ទី១៖ តើគណៈប្រតិភូទាំងពីរជឿជាក់ថា មតិលើកទ្បើងរបស់ខ្លួនមានហេតុផលត្រឹមត្រូវដែរឬទេ នៅពេលដែលគណៈប្រតិភូទាំងពីរធ្វើការ ចោទប្រកាន់ជាលក្ខណៈទូទៅ ដោយពុំបានលើកឡើងនូវទិន្នន័យជាអំណះអំណាងពាក់ព័ន្ធជាក់លាក់ណាមួយនោះ? ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នៅឆ្នាំ២០១៩ បានត្រួសត្រាយផ្លូវសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយទ្បើងវិញ ដល់អតីតអ្នកនយោបាយប្រឆាំង។ ជាលទ្ធផល អតីតអ្នកនយោបាយប្រឆាំងចំនួន២៦រូប បានទទួលការផ្តល់នីតិសម្បទាសិទ្ធិធ្វើនយោបាយ ឡើងវិញ ដោយក្នុងនោះពួកគាត់ជាច្រើនរូបបានរួមគ្នាបង្កើតគណបក្សនយោបាយចំនួន៦ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោត នាឆ្នាំខាងមុខ។ តើទាំងនេះគឺជាការរឹតត្បិតសិទ្ធិនយោបាយឬ? ទី២៖ តើគណៈប្រតិភូទាំងពីរប្រាកដហើយថា បទអន្តាគមន៍របស់ខ្លួន មានតុល្យភាព និងមិនជ្រើសរើសតែមួយជ្រុង នៅពេលគណៈប្រតិភូទាំងពីរមិនបានលើកឡើងសូម្បីតែមួយម៉ាត់ អំពីវោហារសព្ទប្រជាប្រិយប្រកបដោយគ្រោះថ្នាក់ របស់បុគ្គលប្រឆាំងមួយចំនួន ដែលប្រើវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មានមិនពិត និងផែនទី ក្លែងក្លាយ ជេរប្រមាថមិនរើសមុខ បង្កាច់បង្ខូច ញុះញង់ឱ្យមានការរើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ថែមទាំងបានអំពាវនាវឱ្យកងកម្លាំង ប្រដាប់អាវុធងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយការជ្រើសតាំងរបស់ប្រជាជន ខណៈសកម្មភាពដូចគ្នាទាំងអស់នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសលោកខាងលិចនិងសហភាពអឺរ៉ុប? លោក សម រង្ស៊ី ដែលជានិមិត្តរូបប្រជាធិបតេយ្យ របស់គណៈប្រតិភូទាំងពីរ បានត្រូវអតីតអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទ្បើងថ្លែងថ្កោលទោសនៅក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះផ្ទាល់ កាលពីឆ្នាំ២០១៩ ចំពោះការប្រើប្រាស់សម្ដីបរិហារកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងអុជអាល ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។ ទី៣៖ តើគណៈប្រតិភូទាំងពីរជឿថា សេចក្តីថ្លែងការណ៍របស់ខ្លួនមានភាពសមាមាត្រឬទេ នៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋនិងនយោបាយ ឱ្យសំខាន់លើសលុប ជាងសិទ្ធិផ្សេងទៀត ដូចជា សិទ្ធិរស់រានមានជីវិត សុខភាព ទទួលបានម្ហូបអាហារ ការអប់រំ និងការអភិវឌ្ឍន៍? តើគណៈប្រតិភូទាំងពីរកំពុងគោរពតាមសេចក្តីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់ថា សិទ្ធិមនុស្សទាំងអស់ត្រូវ យកមកអនុវត្ត ដោយយុត្តិធម៌និងស្មើភាព ឈរលើមូលដ្ឋានតែមួយ និងមានសារសំខាន់ដូចគ្នាដែរឬទេ? តើកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ក្នុងវិស័យជាច្រើន ផ្តល់ជូនក្រុមងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិប្រឆាំងកូវីដ១៩ ដែលត្រូវបាននិងកំពុងអនុវត្តយ៉ាងឆាប់រហ័សជាមួយនឹងអត្រាសម្រេចបានគួរឱ្យកត់សម្គាល់ ជិត៧២%នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ព្រមទាំងការបើកសាលាឱ្យសិស្សចូលរៀនក្នុងថ្នាក់ផ្ទាល់ទ្បើងវិញ ដោយគោរពយ៉ាង ហ្មត់ចត់តាមវិធានសុខាភិបាល ពុំមែនជាការគោរពសិទ្ធិមនុស្សឬយ៉ាងណា?

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបន្តថា ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសមួយដែលតាំងខ្លួនតស៊ូមតិដើម្បីសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ថា បានផ្តន្ទាទោសមនុស្សជាង៤ម៉ឺននាក់ ក្នុងឆ្នាំ២០១៨និង២០១៩ ក្រោមបទចោទ “ប្រមាថមន្រ្តីសាធារណៈ“ការចូលរួមជាមួយក្រុមដែលមានគោលបំណងប្រព្រឹត្តអំពើហិង្សា” និង “ការរៀបចំបាតុកម្មដែលពុំគោរពតាមលក្ខខណ្ឌជូនដំណឹងជាមុន “។ 

ជាចុងបញ្ចប់ ការលើកតម្កើងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹង ការឡើងទៅកាន់កំពូលភ្នំ។ ប្រទេសនីមួយៗត្រូវមានសិទ្ធិជ្រើសរើសមាគ៌ា និងអាទិភាពរបស់ខ្លួន ឆ្ពោះទៅគោលដៅនោះ។ សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធនយោបាយវាយប្រហារប្រទេសដទៃ ដោយមានស្តង់ដារពីរទ្បើយ ដូចដែលឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានសង្កត់ធ្ងន់ នាពេលកន្លងមកប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវសុចរិតភាពនិងភាពអាចជឿទុកចិត្តបានខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមមួយនេះ៕IMG_20210917_074942_436

Comments

Related posts