វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានផ្តាំផ្ញើទៅអ្នកវិភាគទាំងឡាយ កុំឱ្យវិភាគជ្រុលហួសពេក ហើយបន្សល់ទុកនៅបទល្មើសជាក់ស្តែង ដែលអាចនឹងផ្តន្ទាទោស ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកវិភាគអំពីប្រសាសន៍របស់សម្តេច ដែលសម្តេចថា បើមិនឱ្យសម្តេចពឹងចិនតើទៅពឹងអ្នក ណា ដែលអ្នកវិភាគបាននិយាយថា សម្តេចនិយាយ ទៅពឹងចិននេះមិនសមស្របតាមស្ថានការណ៍ ដែលសម្តេចថាត្រូវតែនិយាយការពិត ហើយក៏គ្មានអ្វីត្រូវលាក់បាំងនោះដែរ ដែលនេះជាការពិត ។ សម្តេចតេជោ បន្តថា សួរថាតើចង់ឱ្យសម្តេចលាក់បាំងការពិត នូវសមិទ្ធ ផលនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន មែនទេ? ខណៈដែលអ្នកដទៃគេនិយាយបាន ហេតុអ្វីសម្តេចនិយាយមិន បាន ។
សម្តេចតេជោបានបន្តទៀតថា សម្តេចក៏អាចនិយាយបានដែរថា ស្ពានអ្នកលឿងបើមិនឱ្យសម្តេចពឹងជប៉ុនឱ្យទៅពឹងអ្នកណា ស្ពានគីហ្សូណាបើមិនឱ្យសម្តេចពឹងជប៉ុនឱ្យទៅពឹងអ្នកណា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥បើមិនឱ្យសម្តេចពឹងជប៉ុនឱ្យទៅពឹងអ្នកណា ឱ្យតែប្រទេសនានាធ្វើមកសម្តេចអាចនិយាយបានដូចគ្នា ហេតុអ្វីបានជាមកហាមឃាត់ថា ត្រូវតែមិនត្រូវនិយាយនោះទេ។
សម្តេចតេជោបញ្ជាក់ថា មានបណ្ឌិតមួយទៀតមានដីកាចាប់ខ្លួនរួចហើយ ព្រោះឯងគាំទ្រលក្ខខណ្ឌ៦ចំណុច ដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន តុលាការបានចេញដីកាហើយ ហើយបើរត់គួររត់ឱ្យបានឆ្ងាយបន្តិច ឱ្យតែទាក់ទងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លួន ។ បន្ថែមពីនោះ នៅក្នុងក្របខណ្ឌអាស៊ានមិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសដទៃនោះទេ ។
សំឡេង «ចាប់វាមកសួរមើលតើ៦ចំណុចហ្នឹង ជាលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្អែងលើកទឹកចិត្តឱ្យបង្កើត ហ្អែងបង្កើត ហ្អែងគុក ។ មិនមែនត្រឹមតែគុកទេណា ដែលហៅថា ចលនាឧទ្ទាមគេបាញ់ផង គេឃើញគេបាញ់ហើយ មិនមែនជាសិទ្ធិបញ្ជេញមតិនោះទេសូមប្រាប់ឱ្យហើយ ។ រឿងក្របខណ្ឌបក្សនយោបាយផ្សេង រឿងចលនាប្រដាប់អាវុធផ្សេង ព្រោះគេចង់ធ្វើតាមបែបភូមា មានចលនាប្រដាប់អាវុធ មានអង្គការចាត់តាំងនយោបាយរបស់គេរឿងអីដែលយើងមិនត្រូវប្រើ ។ រឿងមកចាប់ហ៊ុនសែនបង្កើតរឿងជាប់គុកមិនតិច រឿងចលនាប្រដាប់អាវុធមិនទាន់រួចខ្លួនផង ។ ខ្ញុំគ្រាន់ តែដាស់តឿនចំពោះអ្នកវិភាគ កុំឱ្យវិភាគជ្រុលហួស ហើយកុំថារដ្ឋាភិបាលហ៊ុនសែនមិនហ៊ានទៅវ៉ៃខ្នោះអស់លោក ឱ្យតែហ៊ានចូលទៅក្នុងហ្វេសបុក ហើយមិនបានលុបចេញហើយ វានៅហ្នឹងហើយចាត់ ទុកបទល្មើសជាក់ស្តែង ម៉ោង ១២ យប់ក៏ចាប់ដែរ កុំថា ហ៊ុនសែនផ្តាច់ការ តែនេះជារបៀបគ្រប់គ្រងរដ្ឋ ។សុំកុំធ្វើការវិភាគណាមួយ ដែលបន្សល់ទុកនូវបទល្មើសដែលត្រូវផ្តន្ទាទោសហើយក៏ជាបទល្មើសជាក់ស្តែង» ៕
Comments